អភិបាលរងខេត្តកំពង់ធំ 7 ចំណុចដើម្បីពង្រឹងគុណភាព និងពង្រីកវិសាលភាពសេវាសុខភាពភ្នែក
ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ ផ្ដល់អនុសាសន៍ ០៧ចំណុចដើម្បីពង្រឹងគុណភាព និងពង្រីកវិសាលភាពសេវាសុខភាពភ្នែកបន្ថែមទៀត ដូចខាងក្រោម៖
១. បន្តយន្តការ និងអនុវត្តសកម្មភាព ដែលមានស្រាប់ដែលបានកំណត់ផែនការយុទ្ធសាស្ត្រនិងផែនទីបង្ហាញផ្លូវ សម្រាប់ថ្នាក់ក្រោមជាតិស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែកដែលដាក់ឱ្យ អនុវត្តជាផ្លូវការកន្លងមកដោយ ធានាបាននូវការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍។
២. បន្តពង្រឹងកិច្ចសហការជាមួយអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តគម្រោងនេះ។
៣. ជំរុញការចូលរួមរបស់សហគមន៍ ក្នុងការបង្ការភាពពិការភ្នែក និងគំហើញថយចុះ ដែលអាចជៀសបាន ជា ពិសេសក្នុងចំណោមប្រជាជនដែលងាយរងគ្រោះ ដូចជាទារកកើតមិនគ្រប់ខែ សិស្សសាលា ស្ត្រី ជនពិការ និង អ្នកដែលមានអាយុចាប់ពី ៥០ឆ្នាំឡើង។
៤. ធ្វើទំនើបកម្មនិងពង្រីកបន្ថែម ផ្នែកចក្ខុរោគ ប្រកបដោយនវានុវត្តន៍ ឌីជីថល និងគុណភាព ពីថ្នាក់ជាតិដល់ថ្នាក់ ក្រោមជាតិ។
៥. ពង្រីកវិសាលភាពសេវាសុខភាពភ្នែកឱ្យបានគ្រប់ដណ្តប់នៅមន្ទីរពេទ្យបង្អែក
៦. សូមឱ្យមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់គោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្តល់សេវាជូន ប្រជាជននៅក្នុងមូលដ្ឋាន។
៧. ពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូរដែលមានស្រាប់ និងពង្រីកជាមួយដៃគូថ្មីៗបន្ថែមទៀត រួមទាំងវិស័យឯកជន ផងដែរ ដើម្បីគាំទ្រ បំផុសការយល់ដឹង និងជំរុញការទៅទទួលសេវាសុខភាពភ្នែករបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធី ទិវាសុខភាពភ្នែកពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ (ស្រលាញ់សុខភាពភ្នែកកូនអ្នក)។
ក្នុងឆ្នាំ២០២៤នេះ ការអបអរសាទរទិវាសុខភាពភ្នែកពិភពលោក ក្រោមប្រធានបទ (ស្រឡាញ់សុខភាពភ្នែក កូនអ្នក)ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីការថែទាំ និងការពារសុខភាពភ្នែក ឱ្យយកចិត្តទុកដាក់ផ្ដល់អតិភាពដល់សុខភាពភ្នែករបស់កុមារនៅទូទាំងព្រះរាជាណាចក្រកម្ពុជា លើកកម្ពស់ការយល់ដឹងដោយបញ្ជ្រាបការថែទាំសុខភាពភ្នែកក្នុងការថែទាំសុខភាពទូទៅរបស់កុមារ។ យើងទាំងអស់គ្នាដឹងហើយថាការចុះខ្សោយគំហើញចំពោះកុមារដែលមិនបានកែតម្រូវឲ្យទាន់ពេលវេលាអាចនាំឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការសិក្សារបស់ពួកគេ។ យោងតាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក និងទីភ្នាក់ងារអន្តរជាតិសម្រាប់បង្ការភាពពិការភ្នែកកុមារ ដែលបានផ្ដល់វ៉ែនតាកែតម្រូវគំហើញអាចកាត់បន្ថយភាពបរាជ័យក្នុងការសិក្សាបានរហូតដល់ ៤៤%។
សូមរំលឹកថា ចាប់តាំងពីឆ្នាំ២០០០ អង្គការសុខភាពពិភពលោក សហការជាមួយទីភ្នាក់ងារ អន្តរជាតិសម្រាប់បង្ការភាព ពិការភ្នែក បានរៀបចំ ទិវាសុខភាពភ្នែកពិភពលោក នៅក្នុងខែតុលារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក៏តែងតែ បានចូលរួមអបអរសាទរទិវាសុខភាពភ្នែកពិភពលោកជារៀងរាល់ឆ្នាំ ដោយមានការគាំទ្រមូលនិធិពី អង្គការហ្រ្វេតហូឡូ (The Fred Hollows foundation)។
អត្ថបទ រិទ្ធី, រូបភាព ប៊ុនហ័រ-ពិនិត្យដោយអ៊ុមញឹប។