ស្នងការដ្ឋាននគរបាលខេត្ត បង្ហាញសាច់ដុំកងកម្លាំងប្រមាណ៥០០នាក់ ជុំវិញបរិវេណប្រារព្វ ពិធីប្រណាំងទូកនៅក្រុងស្ទឹងសែន
(កំពង់ធំ)÷ ដោយជ្រក់ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា បន្តតាំងពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិ ទទួលបាន សុខសន្តិភាពយ៉ាងពេញលេញ ជំរុញមានកសាងអភិវឌ្ឍភាពរីកចម្រើនគ្រប់វិស័យ ព្រមទាំងបានផ្ដល់ឱកាស ប្រារព្ធព្រឹត្តិការណ៍ បុណ្យជាតិ អន្តរជាតិ ជាបន្តបន្ទាប់។
នៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្ត រៀបចំពិធីប្រណាំងទូក ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្នុងគោលបំណងបង្កបរិយាកាស ជូនបងប្អូនប្រជាពលរដ្ឋ បានចូលរួមទស្សនាកំសាន្តសប្បាយ និងដើម្បីសម្រង់ទូក ដែលមានលក្ខណៈសម្បត្តិល្អ ត្រៀមចូលរួមប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នៅរាជធានីភ្នំពេញ នាថ្ងៃទី ១៤-១៥-១៦ ខែ វិច្ឆិកា ឆ្នាំ២០២៤។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសពិធីអុំទូកខេត្តកំពង់ធំមានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី ១៦-១៧ ខែតុលា ឆ្នាំ២០២៤ ប្រើប្រាស់កម្លាំងប្រមាណ៥០០ នាក់ និងមធ្យោបាយ សម្ភារៈមួយចំនួនទៀត បម្រើឱ្យការងារ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព។
ក្នុងនោះដោយអនុវត្តតាមទិសដៅ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត កងកម្លាំងនគរបាលជាតិ បានឈរជើងប្រចាំការតាមគោលដៅសំខាន់ៗ អនុវត្តភារកិច្ច ដែលថ្នាក់ដឹកនាំ ប្រគល់ជូនប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ។
បន្ថែមលើការងារការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មានទូកខ្នាតអន្តរជាតិចំនួន០២គ្រឿង ចូលរួមប្រកួតប្រជែង÷ ១.សាមគ្គីធីបតីសែនជ័យបារមីស្រីទេព។ ២.ចន្ទមុន្នីរិទ្ធីយុវជនតេជោ ចូលរួមប្រកួតប្រជែង បង្កបរិយាកាស ដល់ប្រជាពលរដ្ឋ បានទស្សនា កម្សាន្តសប្បាយ និងទទួលបានជ័យលាភី។
សូមបញ្ជាក់ដែរថា ក្នុងពិធីប្រណាំងទូកខាងលើនេះដែរ មានទូកចូលរួមប្រកួតប្រជែងដណ្តើមយកជ័យលាភី សរុបចំនួន ៦៦និងកីឡាករចំនួន២,០៨០នាក់÷ ១.ទូកវែងចំនួន០៩ទូក។ ២.ទូកខ្នាតអន្តរជាតិចំនួន៤១ទូក។ ៣.ទូកផ្កាចារ១៦ទូកផងដែរ។ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។