ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធជាផ្លូវការមន្ទីរពិសោធន៍នវានុវត្តន៍ខេត្តកំពង់ធំ (InnoLab Kampong Thom)
(កំពង់ធំ)៖ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ «គម្រោងមន្ទីរពិសោធន៍នវានុវត្តន៍កំពង់ធំ (InnoLab Kampong Thom)» ដោយរួមជាមួយនឹងការប្រកាសជាផ្លូវការនូវបេក្ខជនទាំង២០រូប ដែលជាសហគ្រិនក្នុងខេត្តកំពង់ធំ និងដែលត្រូវបានជ្រើសរើសដើម្បីផ្តល់ការបណ្តុះបណ្តាល និងបន្តធ្វើការប្រកួតប្រជែងក្នុងវគ្គបន្ត នៅក្នុងក្របខ័ណ្ឌគម្រោង។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះមូលនិធិអភិវឌ្ឍន៍ជំនាញ សហគ្រិនខ្មែរ ក៏ដូចជាឧទ្យាននវានុវត្តន៍សង្គមអង្គរ និងរដ្ឋបាលខេត្តកំពង់ធំ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យ «មន្ទីរពិសោធន៍នវានុវត្តន៍កំពង់ធំ (InnoLab Kampong Thom)» លេចចេញជារូបរាងឡើង ដែលមានគោលដៅប្រែក្លាយខេត្តកំពង់ធំទៅជាប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍មួយ ដែលជាទីតាំងសម្រាប់សហគ្រិន អ្នកច្នៃប្រឌិត អ្នកស្រាវជ្រាវ និងមន្ត្រីចាប់ពីថ្នាក់មូលដ្ឋាន តាមរយៈការបញ្ចូលនវានុវត្តភាពទៅក្នុងប្រព័ន្ធទីផ្សារ និងប្រព័ន្ធអភិបាលកិច្ចនៅកម្ពុជា និងបង្ហាញអំពី
សក្ដានុពលដែលមានក្នុងស្រុក ដើម្បីអនុញ្ញាតឱ្យសហគមន៍បានចូលរួមចំណែកក្នុងការសម្រេចបាននូវវឌ្ឍនភាព ប្រកបដោយនវានុវត្តន៍ ចីរភាព និងនិរន្តរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធសាស្រ្តចតុកោណ ទាំង៤ ដំណាក់កាល និងយុទ្ធសាស្រ្តបញ្ចកោណ ដែលផ្តោតទៅការកសាងប្រព័ន្ធអេកូឡូស៊ី ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SMEs) ម្ខាងដើម្បីបង្កើនកម្លាំងផលិត និងម្ខាងទៀតជួយដោះស្រាយបញ្ហាធំៗដែល SMEs កំពុងប្រឈម រួមមានបញ្ហាហិរញ្ញវត្ថុ បញ្ហាបច្ចេកវិទ្យានិងជំនាញ និងបញ្ហាការគ្រប់គ្រង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា នៅក្នុងសេដ្ឋកិច្ចរបស់យើង គឺសម្បូរតែសហគ្រាសខ្នាតធំ និងខ្នាតតូច ក៏ប៉ុន្តែសហគ្រាសធុនមធ្យមឬកណ្តាល មិនសូវមានឡើយ ដែលធ្វើឱ្យការវិនិយោគផ្ទាល់ពីបរទេស មិនសូវមានការតភ្ជាប់មកសេដ្ឋកិច្ចក្នុងស្រុក។
ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា ក្នុងស្មារតីខាងលើនេះ រាជរដ្ឋាភិបាលបានខិតខំផ្គុំគោលនយោបាយជាច្រើន ទាំងគោលនយោបាយលើកទឹកចិត្តអ្នកវិនិយោគដែលផ្សារភ្ជាប់នឹង SMEs និងការកសាងសមត្ថភាព SMEs ដើម្បីផ្សារភ្ជាប់នឹងការវិនិយោគផ្ទាល់ពីបរទេស។ ជាក់ស្តែង រាជរដ្ឋាភិបាលក៏បានបង្កើត និងដាក់ឱ្យដំណើរការជាបន្តបន្ទាប់នូវមូលនិធិអភិវឌ្ឍន៍ជំនាញ, សហគ្រិនខ្មែរ, មជ្ឈមណ្ឌល
បណ្តុះធុរកិច្ចថ្មី «តេជោ», មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព, ធនាគារសហគ្រាសធុនតូច និងមធ្យម និងកម្មវិធីថ្នាលថ្នាក់ជាតិស្ដីពីធុរកិច្ចកម្ពុជា ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា (CamDX) និងប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងការដាក់ឱ្យដំណើរការនូវគេហទំព័រព័ត៌មាន សម្រាប់សហគ្រាសធុនតូច និងមធ្យម (Khmer SME) ដើម្បីគាំទ្របន្ថែមដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នៅកម្ពុជាទាំងមូល។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា ជារួម យើងបាននិងកំពុងសម្រេចបាននូវវឌ្ឍនភាពជាច្រើន ក៏ប៉ុន្តែក៏នៅមានភាពខ្វះចន្លោះខ្លះ ដែលទាមទារឱ្យយើងត្រូវបំពេញបន្ថែម ដូចជាគម្រោងមន្ទីរពិសោធន៍នវានុវត្តន៍កំពង់ធំ ដែលយើងសម្ពោធជាផ្លូវការនាពេលនេះ សំដៅធ្វើយ៉ាងណាឱ្យប្រព័ន្ធអេកូឡូស៊ីរបស់យើងមានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ ដើម្បីគាំទ្រដល់សហគ្រាសផលិត និងបញ្ហារៀបចំ
ផលិតទៅដល់ទីផ្សារ ពិសេសនវានុវត្តន៍មានទាំងខាងផលិត ខាងសេវាកម្ម ទាំងខាងដំណើរការធុរកិច្ច ដើម្បីឱ្យមានថ្លៃថោក និងផលិតទៅមានគុណភាពល្អ។ ប៉ុន្តែដើម្បីមានវានុវត្តន៍ត្រូវមានកត្តាបី៖ ទី១.ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ទី២.ការរៀបចំ និងការស្រាវជ្រាវម៉ូដែលធុរកិច្ច (Business Model) និង ទី៣.សហគ្រិនភាព។ កត្តាទាំងបីនេះបូកបញ្ចូលគ្នា បានចេញជានវានុវត្តន៍។ អត្ថបទទីស្តីការគណៈរដ្ឋមន្ត្រី