អភិបាលស្រុកស្ទោង បានលើកឡើងថា ការបើកផ្លូវឱ្យបានធំទូលាយគឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងងាយស្រួលក្នុងការធ្វើដំណើរ
(ខេត្តកំពង់ធំ): លោក សាយ គឹមឡម បានថ្លែងដូច្នេះនៅក្នុងឱកាសដែលលោកនិងសហការី បានអញ្ជើញបើកផ្លូវមួយខ្សែនៅក្នុងចំណុចភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំជាផ្លូវអន្តរឃុំទៅឃុំចំណាលើនិងឃុំផ្សេងទៀតនៅក្នុងស្រុកស្ទោងដែលជាផ្លូវបេតុង ទទឹង ៥ម៉ែត្រនិងមានប្រវែង១១គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។
ក្នុងឱកាសនោះដែរលោក សាយ គឹមឡម បានកោតសរសើរនិងថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលនៅអមសងខាងផ្លូវដែលមានការយោគយល់អធ្យាស្រ័យ លះបង់ និងចូលរួមសហការ មួយអាជ្ញាធរក្នុងការបើកផ្លូវនេះក៏ដូចជាអភិវឌ្ឍមូលដ្ឋានឱ្យបានកាន់តែរីកចម្រើនឡើង។
ទន្ទឹមនឹងនេះប្រជាពលរដ្ឋនៅក្នុងឃុំចំណាក្រោម និងឃុំចំណាលើបានសាទរនិងរីករាយក្រៃលែងជាមួយនឹងសមិទ្ធផលថ្មីដ៏អស្ចារ្យដែលជាអំណោយដ៏ថ្លៃថ្លារបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោងនិងឃុំចំណើលើដែលបានកសាងផ្លូវបេតុងចងដៃប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងធ្វើឲ្យងាយស្រួលក្នុងការធ្វើដំណើរជាពិសេសសិស្សានុសិស្សទៅរៀននៅវិទ្យាល័យហ៊ុន សែនចំណាលើ។
លោក សាយ គឹមឡម បានជំរុញដល់អាជ្ញាធរឃុំពាក់ព័ន្ធសូមតាមដាននិងសហការឲ្យបានល្អនិងស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ ក្រុមហ៊ុនដែលកំពងុងសាងសង់ផ្លូវដើម្បីឲ្យដំណើរការសាងសង់ផ្លូវនេះប្រកបដោយប្រសិទ្ធភាពនិងគុណភាព។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។