ឯកឧត្តម នួន ផារ័ត្ន អំពាវនាវដល់សហគ្រាសធុនតូច និងមធ្យម ផ្នែកចំណីអាហារមានអនាម័យ និងគុណភាពស្របតាមស្តង់ដារអន្តរជាតិ
(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ប្រព័ន្ធគ្រប់គ្រងគុណភាពចំណីអាហារសម្រាប់ សហគ្រាសធុនតូច និងមធ្យម” ក្នុងគោលបំណងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ផ្នែកចំណីអាហារ ឲ្យកាន់តែមានស្តង់ដារ និងមានការប្រកួតប្រជែងជាសកល នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំប្រាសាទតោ។
ថ្លែងនៅក្នុងអង្គសិក្ខាសាលានោះដែរ ឯកឧត្តម នួន ផារ័ត្ន បានអំពាវនាវដល់សហគ្រាសធុនតូច និងមធ្យម ផ្នែកចំណីអាហារមានអនាម័យ និងគុណភាពស្របតាមស្តង់ដារអន្តរជាតិ។ ឯកឧត្តម បន្តថា សហគ្រាសធុនតូច និងមធ្យម (SMEs) គឺជាកម្លាំងជំរុញដល់កំណើនសេដ្ឋកិច្ចសម្រាប់បណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកលូតលាស់ ដូចជាប្រទេសកម្ពុជាយើង និងបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការបង្កើតការងារ បង្កើតប្រាក់ចំណូលសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប និងងាយរងគ្រោះ ជំរុញកំណើនសេដ្ឋកិច្ច ស្ថេរភាពសង្គម និងរួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជនយ៉ាងខ្លាំង។
ឯកឧត្តម នួន ផារ័ត្ន បញ្ជាក់ទៀតថា ខេត្តកំពង់ធំ មានសហគ្រាសធុនតូច និងមធ្យម ភាគច្រើនស្ថិតនៅក្នុងវិស័យកសិកម្ម និងសិប្បកម្ម បាននឹងកំពុងពង្រឹងសមត្ថភាពការផលិតកម្មរបស់ខ្លួន ឲ្យក្លាយទៅជាសហគ្រាសធុនធំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការអភិវឌ្ឍការងារធុរកិច្ច ឲ្យកាន់តែរីកចម្រើនថែមទៀត ។
ឧកញ៉ា តែ តាំងប៉ ថ្លែងថា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបង្កើតឡើង និងចុះបញ្ជីអនុញ្ញាតពីក្រសួងមហាផ្ទៃឆ្នាំ២០១០ ហើយបានតម្កល់ទុកលក្ខន្តិកនៅក្រសួងពាណិជ្ជកម្មឆ្នាំ២០១១។ ហើយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា គឺជាស្ថាប័នអព្យាក្រឹត្យ មិនមែនរដ្ឋាភិបាល មិនប្រកាន់ពូជសាសន៍ សាសនា និងនិន្នាការនយោបាយ មិនធ្វើជាឧបករណ៍របស់គណបក្សនយោបាយណាមួយឡើយ ក្នុងនោះរួមទាំងមិនផ្តល់ជាមធ្យោបាយ សម្ភារៈ ហិរញ្ញវត្ថុ ធនធានមនុស្ស ដើម្បីគាំទ្របេក្ខជន ឬធ្វើជាអ្នកគាំទ្រគណបក្សនយោបាយណាមួយដែរ។ អត្ថបទរដ្ឋបាលខេត្តកំពង់ធំ