ឯកឧត្តម លី វេត ដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥
(កំពង់ធំ)៖ ឯកឧត្តម លី វេត អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ធំ សាលប្រជុំប្រាសាទយាយព័ន្ធ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ចើញចូលរួម ប្រធាន អនុប្រធាន និងសមាជិកលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ឯកឧត្តម បានកោតសរសើដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់ថ្នាក់ នៅក្នុងខេត្តកំពង់ធំ ដែរបានខិតខំយកចិត្តទុកដាក់ចុះ ធ្វើការផ្សព្វផ្សាយខ្លឹមសារសំខាន់ៗនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយអាទិភាព ទាំង៦ វិធានការគន្លឹះទាំង៥របស់រាជរដ្ឋាភិបាល សភាពការណ៍នានា និងសមិទ្ធផលដែលសម្រេចបាន សំដៅ លើកកម្ពស់ការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធនានានៅមូលដ្ឋាន។
ឯកឧត្តមបន្តថា ក្រុមការងារបានជំរុញ និងលើកកម្ពស់ការទទួលខុសត្រូវរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ លើការងារផ្តល់សេវាគ្រប់ប្រភេទ ការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចមូលដ្ឋាន ដើម្បីចូលរួម ដោះស្រាយបញ្ហាសមធម៌និងយុត្តិធម៌សង្គម និងធានាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ការរៀបចំវេទិកា សាធារណៈនៅតាមមូលដ្ឋានឃុំ សង្កាត់ បានប្រព្រឹត្តទៅរលូត មានការចូលរួម និងទទួលបាននូវសំណើ/សំណូមពរ និងបញ្ហាប្រឈមពិតប្រាកដពីប្រជាពលរដ្ឋ ដើម្បីធ្វើការពិនិត្យនិងបន្តដោះស្រាយដោយឈរលើ មូលដ្ឋានច្បាប់ និងយកប្រជាជនជាស្នូល។
ឯកឧត្តម ប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក៏ជម្រុញបន្ថែមទៀតដល់ក្រុមការងារ ត្រូវតែបំពេញភារកិច្ចរបស់ខ្លួន ក្នុងការចូលរួមដោះស្រាយបញ្ហាជីវភាពប្រជាជននៅមូលដ្ឋាន ក៏ដូចជាសំណើរ សំណូមពរ និងបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន និងជំរុញការអភិវឌ្ឍខេត្តកំពង់ធំ ឱ្យកាន់តែមានភាពរស់រវើក និងផ្តោតលើផលប្រយោជន៍ប្រជាជនជាធំ។ ព្រមទាំងបូកសរុបរាយការណ៍ និងសកម្មភាពរបស់ក្រុមការងារដែលបានចុះឱ្យបានច្បាស់លាស់។ អត្ថបទដោយ សូរហ៊ាន សំអាង.ពិនិត្យដោយអ៊ុមញឹប។