លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវាយតម្លៃ ការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១ខ្សែ ប្រវែង ១ ៧៦០ម៉ែត្រ និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
(កំពង់ធំ)÷នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ឯក គន្ធវារីអនុរដ្ឋលេខាធិការ សមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំណាង គ.ត.វ ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១ ខ្សែ ប្រវែង ១ ៧៦០ម៉ែត្រ ទទឹង ៦ម៉ែត្រ មានចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០.២ម៉ែត្រ រួមទាំងសាងសង់លូមូលមុខ ៤កន្លែង និងផ្លាកឈ្មោះផ្លូវ ២ កន្លែងផងដែរ។
គម្រោងនេះស្ថិតនៅភូមិសំបូរ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (លេខ DRR-NC-2025-No.040, 103009) ដែលអនុវត្តដោយ អង្គភាពវិស្វកម្ម សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ធន វិមានច័ន្ទ ដោយប្រើប្រាស់ថវិកាជំពូក ២១។
ការត្រួតពិនិត្យនេះ មានគោលបំណងធានាថា ការសាងសង់បានអនុវត្តត្រឹមត្រូវ មានគុណភាព តាមស្តង់ដារ និងអាចប្រើប្រាស់បានយូរអង្វែង ដើម្បីបម្រើការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសហគមន៍ជនបទ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានសម្ដែងការពេញចិត្ត និងថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានផ្តល់ផ្លូវថ្មី ០១ខ្សែ ប្រវែង ១ ៧៦០ម៉ែត្រ ព្រមទាំងសាងសង់លូមូលមុខ ៤ កន្លែង និងផ្លាកឈ្មោះផ្លូវ ២កន្លែង សម្រាប់ប្រើប្រាស់ ។ ប្រជាពលរដ្ឋក៏បានផ្តល់ការជឿជាក់លើការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបន្តវេនពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីត្រួតពិនិត្យជាក់ស្តែងអំពីស្ថានភាពការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ ០១ខ្សែ ខាងលើ ដល់ទីកន្លែងនៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ក្នុងដំណាក់កាលនេះរួចមក គណៈកម្មការអន្តរក្រសួងបានឯកភាពទទួលយកលទ្ធផលសម្រេច ១០០% សម្រាប់គម្រោង(លេខ DRR-NC-2025-No.040, 103009) បានរួចរាល់ និងមានគុណភាពល្អ ដើម្បីអោយប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរទៅវិញទៅមក៕អត្ថបទដោយ-ចន្ថា បុណ្យឫទ្ធិ-ពិនិត្យដោយអ៊ុមញឹប។