លោកឧត្តមសេនីយ៍ត្រី ហេង សុផល ឧបត្ថម្ភ ភេសជ្ជៈ ថវិកា ជូនគណៈកម្មការទូកមុនថ្ងៃ ប្រកួតប្រជែង ដណ្តើមជ័យលាភី
(កំពង់ធំ)÷ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឧបត្ថម្ភគាំទ្រទូកផ្កាចារចំនួន០២គ្រឿង ដើម្បីប្រណាំងដណ្ដើមជ័យលាភីថ្នាក់ខេត្ត ចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នៅរាជធានីភ្នំពេញ នាថ្ងៃទី ១៤-១៥-១៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។
រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករប្រណាំងទូក នៅក្រុងស្ទឹងសែន និងស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ។
ថ្លែងក្នុងពិធីនេះលោកឧត្តមសេនីយ៍ត្រីស្នងការនគរបាល មានប្រសាសន៍ សំណេះសំណាលជាមួយកីឡាករ ដោយ ពិធីប្រណាំងទូកគឺដើម្បីថែរក្សាទំនៀមទំលាប់ ប្រពៃណីដ៏ផូរផង់ របស់ខ្មែរយើង ដែលតែងតែប្រារព្ធជារៀងរាល់ឆ្នាំ និងបង្កបរិយាកាស ដល់ប្រជាពលរដ្ឋ ចូលទស្សនាកំសាន្ត សប្បាយបំផុសស្មាតី ដល់យុវជន ឱ្យស្រឡាញ់កីឡា ចូលរួមលេងកីឡា ដើម្បីទទួលបានសុខភាពល្អ កាយសម្បទារឹងមាំ ឆន្ទ:អង់អាចមួសមុត អំនត់ព្យាយាម នាំយកនូវវិន័យ សេចក្តីថ្លៃថ្នូរ និងចេះធ្វើការជាក្រុម បង្ករលក្ខណ:ឱ្យយុវជនបានជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព ជាមួយគ្នា សាមគ្គីភាពគ្នា ចេះរស់នៅក្នុងសង្គម ជាពិសេសបណ្ដុះគំនិតស្រឡាញ់ជាតិ និងស្នេហាជាតិ ។
លោកឧត្តមសេនីយ៍ត្រីមានប្រសាសន៍ ណែនាំដល់កីឡាករ ត្រូវថែទាំសុខភាព និងត្រៀមខ្លួនរួចជាស្រេច សម្រាប់ចូលរួមប្រឡងប្រណាំង នៅថ្ងៃទី១៦-១៧ ខែ ខែតុលា ឆ្នាំ២០២៤ ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ខាងមុខនេះក្នុងឱកាសប្រកួតប្រជែង សូមបងប្អូនខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាព ឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីដណ្ដើមយកជ័យលាភី ជូនថ្នាក់ដឹកនាំ អ្នកគាំទ្រ និងស្រុកកំណើត របស់បងប្អូនផងដែរ។
លោកស្នងការបានឧបត្ថម្ភ ភេសជ្ជៈ និងថវិកាមួយចំនួន ជូនគណៈកម្មការទូកចំនួន០២÷ ១.សាមគ្គីធីបតីសែនជ័យបារមីស្រីទេព។ ២.ចន្ទមុន្នីរិទ្ធីយុវជនតេជោ សម្រាប់ការចូលរួមដោះស្រាយការចំណាយពេលហ្វឹកហាត់ ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតប្រជែង ដណ្ដើមយកជ័យលាភី។
សូមបញ្ជាក់ផងដែរថា ក្រោយពីជួបសំណេះសំណាលនិងសួរសុខទុក្ខកីឡាកររួចមកលោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានត្រួតពិនិត្យបរិវេណរៀបចំពិធីប្រណាំងទូក និងដាក់គោលដៅប្រចាំការសំខាន់ៗ ត្រៀមកិច្ចអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ បានទាន់ពេលវេលាធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។