កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ចេញយុទ្ធដំណើរទ័ពប្រចាំឆ្នាំ២០២៤
(ខេត្តកំពង់ធំភ៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន ១៨០ នាក់ បានចេញយុទ្ធដំណើរទ័ពប្រចាំឆ្នាំ តាមផែនការហ្វឹកហ្វឺនឆ្នាំ២០២៤ ដែលពិធីចេញយុទ្ធដំណើរទ័ពនេះប្រព្រឹត្តទៅនៅទីបញ្ជាការកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
លោកអនុសេនីយ៍ឯក ឈា ពិសិដ្ឋ នាយការិយាល័យហ្វឹកហ្វឺននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីផែនការហ្វឹកហ្វឺន យុទ្ធដំណើរទ័ព រយៈពេល ២ ថ្ងៃ និង២ យប់លើចម្ងាយផ្លូវ១២៩គីឡូម៉ែត្រ ក្នុងនោះត្រូវធ្វើដំណើរតាមរថយន្តប្រវែង១១២គីឡូម៉ែត្រ និងយុទ្ធដំណើរទ័ពដោយថ្មើរជើង ចម្ងាយផ្លូវប្រវែង ១៧ គីឡូម៉ែត្រ ដោយត្រូវឆ្លងកាត់ភូមិសាស្ត្រមានឧបសគ្គ និងការវាយពួនស្ទាក់ របស់ខ្មាំង មកលើកងកម្លាំងយុទ្ធដំណើរ និងការវាយបករបស់កងកម្លាំងយុទ្ធដំណើរ ដោយត្រូវឆ្លងកាត់តំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
លោកវរសេនីយ៍ទោ ថនស៊ី សក្កដា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងវគ្គហ្វឹកហ្វឺន បានឡើងរាយការណ៍អំពីការប្រុងប្រៀបយុទ្ឋដំណើរទ័ព ដែលមានកងកម្លាំងចូលរួមចំនួន ១៨០ នាក់ មានអាវុធគ្រប់ដៃ សម្ភារៈគ្រឿងបំពាក់ និងកិច្ចការធានាផ្សេងៗបម្រើឲ្យការយុទ្ធដំណើរទ័ព និងការប្រយុទ្ធនៅតាមដងផ្លូវ បានគ្រប់គ្រាន់ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្ដមសេនីយ៍ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពទ័ពជើងគោក និងបទបញ្ជារបស់ឯកឧត្ដមឧត្ដមសេនីយ៍ឯកពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តែងតែធ្វើការហ្វឹកហ្វឺនរៀនសូត្របំប៉នអប់រំចិត្តសាស្ត្រពង្រឹងវិន័យ សណ្ដាប់ធ្នាប់ លំហាត់របៀប ពង្រឹងកាយសម្បទា រឹងមាំ និងហ្វឹកហាត់យុទ្ធវិធីតាមគ្រប់រូបភាព ដើម្បីឱ្យកងយោធពលខេមរភូមិន្ទ របស់យើងមានគុណភាពប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ក្នុងពេលយុទ្ឋដំណើរទ័ពរយៈពេល២យប់ និង២ថ្ងៃ លើចម្ងាយផ្លូវតាមផែនការ ដែលបានកំណត់ ត្រូវអនុវត្តឱ្យបានល្អ ដោយត្រូវគោរពវិន័យឱ្យបានម៉ឺងម៉ាត់ មានការសាមគ្គីភាព និងចេះជួយគ្នាទៅវិញទៅមក ក្នុងពេលធ្វើដំណើរ ពិសេសអនុវត្តយុទ្ធវិធីក្នុងការវាយបកខ្មាំងពេលខ្មាំងវាយស្ទាក់ក្បួនយុទ្ធដំណើរទ័ពរបស់យើង ឲ្យទទួលបានជោគជ័យតាមផែនការហ្វឹកហ្វឺន ដែលបានគ្រោងទុក។
នៅក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួន ដែលជាអំណោយរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ជូនដល់កងកម្លាំងយុទ្ធដំណើរទ័ពទាំងអស់ និងបានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមនួន ផារ័ត្ន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាពេលកន្លងមក និងក្នុងពេលយុទ្ធដំណើរទ័ព នៅពេលនេះ ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។