ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ធំ អញ្ជើញបើកវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤
(កំពង់ធំ)÷ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅរយៈពេល០២ថ្ងៃគឺថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងអភិបាលរងខេត្តព្រមទាំងសហការី បានអញ្ជើញបើកវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ មានបេក្ខជនដែលត្រូវប្រឡងសរុប៥៦៥៨នាក់ ស្រី៣២៧៣នាក់ ។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង គោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស វិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ។
យោងរបាយការណ៍របស់លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជន កីឡាខេត្តកំពង់ធំ បានបញ្ជាក់ថាការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤នេះមាន÷ចំនួនមណ្ឌលប្រឡងមាន១៣មណ្ឌល បន្ទប់សម្រាប់បេក្ខជនប្រឡងមានចំនួន ២២៨បន្ទប់ បេក្ខជនដែលត្រូវប្រឡងសរុប៥៦៥៨នាក់ ស្រី៣២៧៣នាក់ ចែកចេញជា០២ក្រុម រួមមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម ។
ចំណែកសន្តិសុខសណ្តាប់ធ្នាប់ កងកម្លាំងការពារទាំងនគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្តសរុបទាំង១៣មណ្ឌលប្រឡង ប្រចាំការនៅតាមមណ្ឌលប្រឡងនិមួយៗ បានការពារយ៉ាងតឹងរឹងបំផុត និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែតខេត្តកំពង់ធំ មានការចាំជួយសង្គ្រោះដល់បេក្ខជនណាដែលមានបញ្ហាដល់សុខភាព ព្រមទាំងមានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ ចាំជួយអន្តរាគមន៍នូវការផ្ញើកង់ម៉ូតូដោយឥតគិតថ្លៃដល់បេក្ខជនឱ្យមានសុវត្ថិភាព និងសណ្ដាប់ធ្នាប់ ។
សូមបញ្ជាក់បន្ថែមទៀតថា រយះពេលនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ ដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីជូនដំណឹង ដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រួចហើយ មិនឲ្យដំឡើងថ្លៃសេវាស្នាក់នៅ ឬសេវាហូបចុកជាដើម និងបានផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការរក្សាតម្លៃសេវាកម្ម អាជីវកម្មទេសចរណ៍ និងការផ្អាកដំណើរការអាជីវកម្ម ម៉ាស៊ីនថតចម្លងឯកសារគ្រប់ប្រភេទ ក្នុងរយៈពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។