អភិបាលស្រុកតាំងគោក សំណេះសំណាលជាមួយសិស្សានុសិស្សក្រីក្រចំនួន២០នាក់ មកពី៣វិទ្យាល័យ នៃស្រុកតាំងគោក
(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានអញ្ជើញជួបសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្សក្រីក្រចំនួន២០នាក់ មកពី៣វិទ្យាល័យ នៃស្រុកតាំងគោក ដែលនឹងត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិ នៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤។
លោក ហាក់ ម៉ុងហួត បានផ្តាំផ្ញើសាកសួរសុខដល់ក្មួយៗជំនាន់នេះពិតជាមានសំណាងណាស់ដែលមានឱកាសអង្គុយរៀន ក្រោមម្លប់សន្តិភាព មានគ្រូបង្រៀនល្អៗ មានបន្ទប់រៀន មានសាលារៀនល្អៗ មានសៀវភៅសិក្សារៀនសូត្រសមរម្យគ្រប់គ្រាន់ មានប្រព័ន្ធអីនធឺរណែត សម្រាប់សិក្សាស្រាវជ្រាវ និងមានអ្នកអ្នកជួយគាំទ្រសព្វបែបយ៉ាង ដូចនេះក្មួយៗត្រូវក្តាប់ឱកាសឱ្យជាប់ ដើម្បីប្រែក្លាយខ្លួនឯងជាមនុស្សល្អរស់នៅក្នុងសង្គមជាតិ។
លោកបានបង្ហាញការជឿជាក់ថា សិស្សានុសិស្សថ្នាក់ទី១២ ទាំងអស់ក្នុងស្រុកតាំងគោក នឹងប្រឡងបានជាប់ ទាំងអស់គ្នា ពីព្រោះមានលោកគ្រូអ្នកគ្រូ បានខិតខំបង្ហាត់បង្ហាញសិស្សានុសិស្សនូវចំណេះដឹងទាំងអស់ ដើម្បីឱ្យក្មួយៗទទួលបានលទ្ធផលល្អ ជាកិត្តិយសរបស់ស្រុកដល់លោកគ្រូអ្នកគ្រូ ដល់សាលារៀន និងដល់គ្រួសារ។
ដើម្បីជាការលើកទឹកចិត្តដល់ក្មួយៗទាំង២០នាក់ លោក ហាក់ ម៉ុងហួត អភិបាលស្រុកបាឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនប្អូនៗ ដើម្បីមានឱកាសត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។ អត្ថបទរដ្ឋបាលស្រុកតាំងគោក-ពិនិត្យដោយអ៊ុមញឹប។