អភិបាលខេត្តកំពង់ធំអំពាវនាវប្រជាពលរដ្ឋមូលដ្ឋានត្រូវរក្សាទំនៀមរំលាប់ប្រពៃណីអ៊ុំទូករបស់ខ្លួនឲ្យបានគង់វង្ស
(កំពង់ធំ)៖ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំអំពាវនាវប្រជាពលរដ្ឋមូលដ្ឋានត្រូវរក្សាទំនៀមរំលាប់ប្រពៃណីអ៊ុំទូករបស់ខ្លួនឲ្យបានគង់វង្ស។
ឯកឧត្តម នួន ផារ័ត្ន បានថ្លែងក្នុងពិធីបិទការប្រណាំងទូកផ្កាចារក្នុងស្រុកស្ទោងនៅវត្តករណីដើម ឃុំកំពង់ចិនត្បូង រសៀលថ្ងៃទី ៦ខែតុលាឆ្នាំ ២០២៤ នេះ។
នៅក្នុងពិធីដ៏រីករាយនេះឯកឧត្តមបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្ដេចនិងលោកជំទាវតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាពពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់ពេលវេលាហើយលោកពិតជាមានមោទកភាពក្រៃលែងជាមួយប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងក្រោមការចុះជួយគិតគូរយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម
ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងដែលបានរួបរួមសហការនិងអភិវឌ្ឍន៍មូលដ្ឋានជាមួយនឹងហេដ្ឋារចនា
សម្ព័ន្ធជាពិសេសប្រព័ន្ធធារាសាស្ត្រនិងសំណង់សិល្បការណ៌ជាច្រើនស្អេកស្កះនៅក្នុងស្រុកស្ទោង។
ឯកឧត្តមបានថ្លែងអំណរគុណនិងកោតសរសើរដល់កីឡាករ កីឡាការិនីដែលមានអធ្យាស្រ័យគ្នាខ្ពស់ក្នុងការលេងកម្សាន្តប្រកបដោយភាពសប្បាយរាយ មានការទទួលខុសត្រូវប្រកបដោយមិត្តភាពសាមគ្គីភាពក៏ដូចជាថែរក្សានូវទំនៀមទម្លាប់ប្រពៃណីដ៏សប្បាយរីករាយនិងផូរផង់របស់ខ្លួនគួរឱ្យមានមោទកភាពក្រៃលែងនិងបានថ្លែងអំណរគុណចំពោះព្រះសង្ឃ អាចារ្យគណៈកម្មការ, សប្បុរសជនជិតឆ្ងាយ ធនាគារ មីក្រូហិរញ្ញវត្ថុ ក៏ដូចជាវិស័យឯកជននានា ដែលបានចូលរួមឧបត្ថម្ភទាំងសម្ភារ ថវិកា គ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលស្រុកដើម្បីជាការឧបត្ថម្ភដល់កីឡាករកីឡាការនីដែលបានចូលរួមលេងកម្សាន្តសប្បាយក្នុងរយៈពេលបីថ្ងៃនេះឱ្យកាន់តែវិសេសវិសាលថែមទៀតផង។
ឯកឧត្តម នួន ផារ័ត្ន អំពាវនាវដល់យុវជនរួមគ្នា គោរពច្បាប់ចរាចរណ៍ដោយពាក់មួកសុវត្ថិភាព ពេលបើកបរទោះទៅទីជិត ឬទីឆ្ងាយក៏ដោយ បើកបរដោយគោរពសិទ្ធអទិភាព មិនប្រើប្រាស់គ្រឿងស្រវឹង និងលើសល្បឿនកំណត់ បើកបរដោយយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក និងចៀសឆ្ងាយអំពីគ្រឿងញៀន។
តាមការបញ្ជាក់ពីលោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានឲ្យដឹងថាការប្រណាំងទូកផ្កាចារនេះមានតាំងពីយូរយារណាស់មកហើយដល់ពេលបច្ចុបន្ននេះប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងនៅតែបន្តប្រពៃណី ទំនៀមទម្លាប់ និងជំនឿសាសនា នៃការរៀបចំពិធីបុណ្យអ៊ុំទូកផ្កាចារនៅថ្ងៃភ្ជុំបិណ្ឌ និងក្រោយថ្ងៃភ្ជុំបិណ្ឌ ដែលមានរយៈពេល ៣ថ្ងៃ គឺថ្ងៃទី៤-៦ ខែតុលា ដោយមានទូកចំនួន ៤៧ ទូក ហើយទូកនីមួយៗទទួលបាននូវអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួននិងទឹកប្រាក់ ២០ម៉ឺនរៀលពីអភិបាលខេត្តកំពង់ធំ ព្រះគ្រូចៅអធិការ គណៈកម្មការវត្តករណីដើម និង អភិបាលស្រុកស្ទោងផងដែរ។