បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយផែនការ សហប្រតិបត្តិការ ការពារសន្តិសុខសុវត្ថិភាព និងត្រៀម កម្លាំងអន្តរាគមន៍ដោះស្រាយយថាហេតុផ្សេងៗ ជូនប្រជាពលរដ្ឋសប្បាយរីករាយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ បានដំណើរការផ្សព្វផ្សាយ ផែនការបែងចែកកម្លាំង ក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព និងត្រៀមកងកម្លាំងអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗ ជាយថាហេតុនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នៅពេលដ៏ខ្លីខាងមុខនេះ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់ថា ក្រោមម្លប់សុខសន្តិភាព និងការឯកភាពជាតិពេញលេញ ប្រជា ពលរដ្ឋគ្រប់រូបបានឈប់សម្រាកពីការងារប្រកបដោយទឹកមុខសប្បាយរីករាយ ទោះ បីទៅប្រកបមុខរបររកទទួលទាននៅទីក ន្លែងណាក៏បានវិលមកជួបជុំក្រុមគ្រួសារនៅតាមស្រុកកំណើតរៀងៗខ្លួនវិញ ដើម្បីប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ តាមទំនាមទំលាប់ប្រពៃណីជាតិខ្មែរ ។ នៅក្នុងឱកាសនេះដែរ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រកម្ពុជា ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្កលក្ខណៈងាយស្រួលផ្ដល់មធ្យោបាយធ្វើដំណើរដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ពីទីក្រុងភ្នំពេញ ទៅកាន់ស្រុកកំណើតបងប្អូន និងការវិលត្រឡប់មកវិញ តាមរថយន្តក្រុងរយៈពេលមួយសប្តាហ៍ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ២៩ ខែកញ្ញា រហូត ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២៤ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ច ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវសហការជាមួយកងកម្លាំងផ្ដល់អាវុធទាំងបី អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការ ការពារសន្តិសុខសុវត្ថិភាពនៅតំបន់ទីប្រជុំជន ទីវត្តអារាម និងរម្យណីយដ្ឋាន កន្លែងជួបជុំសប្បាយនានា ឱ្យទទួលបានសន្តិសុខល្អ និងមានសុវត្ថិភាព ប្រកបដោយបរិយាកាសសប្បាយរីករាយ។ ជាមួយនោះដែរ នៅតាមបណ្ដាអង្គភាព ការិយាល័យ និងស្ថាប័នចំណុះ ត្រូវបែងចែកវេនប្រចាំការ ប្រចាំបញ្ជា និងត្រៀមកម្លាំងអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ពេលជួបគ្រោះមហន្តរាយ ជាយថាហេតុផ្សេងៗឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មេបញ្ជាការគ្រប់បណ្ដាកង ឯកភាព ត្រូវបែងចែកវេនជូនកម្លាំងដើម្បី ឲ្យបានទៅចូលរួមជួបជុំជាមួយក្រុមគ្រួសារ សប្បាយរីករាយ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នេះផងដែរ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។