ប្រធានក្រុមប្រឹក្សាស្រុកស្ទោង បានលើកឡើងថា ការចូលរួមកាន់បិណ្ឌជាមួយ ពុទ្ធបរិស័ទនៅក្នុងមូលដ្ឋានគឺជាការផ្សារភ្ជាប់រវាងពុទ្ធចក្រនិងអាណាចក្រ
(កំពង់ធំ)÷លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុក ថ្លែងដូច្នេះនៅក្នុងឱកាសដែលលោក និងលោក សាយ គឹមឡមអភិបាលស្រុកស្ទោង និងសហការី ទាំងសមាជិក សមាជិកា បានអញ្ជើញចូលរួមសូត្រមន្តវេនបិណ្ឌទី៧ ជាមួយពុទ្ធបរិស័ទចំណុះជើងវត្តទួលអង្កាញ់ ស្ថិតនៅក្នុងឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ទន្ទឹមនឹងនេះពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌគឺជាការចូលរួមសហការ សាមគ្គីគ្នារវាងពុទ្ធបរិស័ទជិតឆ្ងាយនិងប្រជាពលរដ្ឋជាមួយនឹងអាជ្ញាធរមូលដ្ឋាន ជាពិសេសជាមួយរដ្ឋបាលស្រុកស្ទោងឱ្យកាន់តែជិតស្និទ្ធនឹងគ្នាថែមទៀត និងជាការសន្សំនូវបុញ្ញនិធិ សម្រាប់ជាតិនេះ និងអនាគជាតិនិងឧទ្ទិសកុសលជូនដល់បុព្វការីជន ដែលបានចែកឋានទៅបរលោកបានដល់ទីបរមសុខនិងសួគ៌និព្វានគ្រប់ៗគ្នា។
ឆ្លៀតក្នុងឱកាសនោះ លោកបានអំពាវនាវដល់ពុទ្ធបរិស័ទប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមមានការប្រុងប្រយ័ត្នអំពីបញ្ហាគ្រោះទឹកជំនន់ជាពិសេសជំនន់ទឹកស្ទឹងស្ទោងដែលកំពុងតែឡើងខ្លាំង ត្រូវមានការប្រុងប្រយ័ត្នអំពីសុវត្ថិភាពកូនចៅមិនត្រូវទុកកូនចៅឲ្យនៅផ្ទះតែឯង ឬលេងទឹកផ្តេសផ្ដាសដែលគ្មានមនុស្សចាស់នៅមើលថែនោះឡើយ។
លើសពីនេះលោកបានណែនាំដល់អាជ្ញាធរ ឃុំសំព្រោជ ត្រូវគិតគូរយកចិត្តទុកដាក់ពីហេដ្ឋារចនាសម្ព័ន្ធផ្លូវលំនៅក្នុងឃុំ តាមបណ្ដាភូមិនានាឲ្យបានល្អប្រសើរឡើងជាជាងធ្វើផ្លូវដែលពុំសូវសកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងជាអាទិភាពប្រចាំថ្ងៃរបស់ពុកម៉ែបងប្អូន។
គួរបញ្ជាក់ផងដែរថា នៅក្នុងឱកាសនេះ ក៏មានការចែកទានដល់លោកតា លោកយាយ ចាស់ព្រឹទ្ធាចារ្យ បានអញ្ជើញចូលរួមនៅក្នុងកម្មវិធីសូត្រមន្តនេះផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។