កិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆមាសទី១ និងដាក់ចេញទិសដៅឆមាសទី២ ឆ្នាំ២០២៤ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ប្រចាំឆមាសទី១ និងដាក់ចេញទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៤ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
លោកវរសេនីយ៍ទោ ស៊ុន សារិន នាយការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារយោធាសន្តិសុខ ដែលអង្គភាពសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៤ និងបន្ទាប់មកលោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរង នាយសេនាធិការបានឡេីងអាននូវទិសដៅភារកិច្ចការងារយោធាសន្តិសុខប្រចាំឆមាសទី២ ឆ្នាំ២០២៤ ដែលត្រូវអនុវត្តន៍បន្ត ជូនអង្គប្រជុំដេីម្បីពិភាក្សានិងបំពេញបន្ថែម ។
បន្ទាប់ពីអង្គប្រជុំបានធ្វើការពិភាក្សាលើរបាយការណ៍ និងទិសដៅ ដែលបានដាក់ចេញយ៉ាងល្អិតល្អន់ រួចមកឧត្តម សេនីយ៍ទោ សោម ស៊ុន ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើការបំពាក់ឋានន្តរសក្កិ ជូននាយទាហានថ្នាក់អនុសេនីយ៍ចំនួន៣ នាក់ និងនាយទាហានរងថ្នាក់ពលបាល ឯកចំនួន៩នាក់ ហើយនិងបានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយការិយាល័យ ស្ថាប័នចំណុះ ដែលបានខិតខំបំពេញភារកិច្ចក្នុងឆមាសទី១ កន្លងទៅនេះ ទទួលបានលទ្ធផលល្អ ក្នុងនោះយើងបានយកចិត្តទុកដាក់ក្នុងកិច្ចសហការ ការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ។ ការហ្វឹកហ្វឺនរៀនសូត្រពង្រឹងគុណភាព កងកម្លាំង ។ ការចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ និងការចូលរួមអនុវត្តបទបញ្ជាស្ដីពីការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ទទួលបានជោគជ័យ គួរជាទីមោទនៈ ។ ដោយឡែកចំពោះការងារសមាគមអតីតយុទ្ធជន យេីងបានយកចិត្តទុកដាក់ក្នុងសកម្មភាពបម្រើ និងដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជននៅទូទាំងខេត្ត បានល្អប្រសើរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនសម្រាប់អនុវត្តបន្តក្នុងឆមាសទី២ ឆ្នាំ២០២៤ និងបានក្រើនរំលឹកដល់មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងយោធិនគ្រប់រូប ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពារឱ្យបានបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងបន្តថែរក្សាការពារឱ្យបានសុខសន្តិភាពជូនប្រជាជនកម្ពុជា ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងបន្តអភិវឌ្ឍន៍ រីកចម្រើនរុងរឿងបន្ថែមទៀត ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ អត្ថបទតំបន់សឹករងកំពង់ធំ ពិនិត្យដោយអ៊ុមញឹប។