រដ្ឋបាលស្រុកស្ទោង ចូលរួមសូត្រមន្តបិណ្ឌទី៤ នៅវត្តករណីដើម
(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុក លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង និងសមាជិក សមាជិកា ព្រមទាំងសហការី បានអញ្ជើញចូលរួមសូត្រមន្តវេនបិណ្ឌទី៤ជាមួយពុទ្ធបរិស័ទចំណុះជើងវត្តករណីដើម (ហៅក្តីដើម)ស្ថិតនៅក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៤នេះ។
លោកអភិបាលស្រុកស្ទោង បានឱ្យដឹងថា រដ្ឋបាលស្រុកស្ទោងតែងតែចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌជាមួយប្រជាពុទ្ធបរិស័ទនៅក្នុងមូលដ្ឋាននៅតាមបណ្ដាវត្តផ្សេងៗជារៀងរាល់ឆ្នាំដូចពេលនេះដែរ។
ទន្ទឹមនឹងនេះពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌគឺជាការចូលរួមផ្សារភ្ជាប់រវាងពុទ្ធចក្រនិងអាណាចក្រនិងរួមសហការសាមគ្គីគ្នារវាងពុទ្ធបរិស័ទជិតឆ្ងាយនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាមួយនឹងអាជ្ញាធរមូលដ្ឋានជាពិសេសជាមួយរដ្ឋបាលស្រុកស្ទោងឱ្យកាន់តែជិតស្និទ្ធនឹងគ្នាថែមទៀត និងជាការសន្សំនូវបុញ្ញនិធិនិងឧទ្ទិសកុសលជូនដល់បុព្វការីជនដែលបានចែកឋានទៅបរលោកបានដល់ទីបរមសុខនិងសួគ៌និព្វានគ្រប់ៗគ្នា។
លើសពីនេះលោក បានថ្លែងអំណរព្រះគុណនិងអរគុណជាអនេកដល់ព្រះគ្រូចៅអធិការ អាចារ្យគណៈកម្មការ “វត្តករណីដើម ” ដែលតែងតែឧបត្ថម្ភគាំទ្រនិងសហការជាមួយរដ្ឋបាលស្រុកស្ទោង ជាពិសេសការគាំទ្រទាំងស្រុងនូវការកសាងរូបសំណាក ” ធ្នូសទោង ” ដែលជានិមិត្តសញ្ញារដ្ឋបាលស្រុកស្ទោង ហើយត្រូវបាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុម័តទទួលស្គាល់កាលពីពេលថ្មីៗនេះ។
គួរបញ្ជាក់ផងដែរថា នៅក្នុងឱកាសនេះ ក៏មានការចែកទានដល់លោកតា លោកយាយ ចាស់ព្រឹទ្ធាចារ្យ បានអញ្ជើញចូលរួមសូត្រមន្តនៅក្នុងកម្មវិធីនេះផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។