រដ្ឋបាលខេត្តកំពង់ធំប្រជុំបញ្ចប់ការងារចុះកិច្ចសន្យាទិញយកស្ថានីយបូមទឹកឯកជនទាំងអស់ ក្នុងខេត្តកំពង់ធំ មកគ្រប់គ្រងវិញ
(ខេត្តកំពង់ធំ)៖ ដោយអនុវត្តតាមគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ដើម្បីជួយកាត់បន្ថយថ្លៃដើមរបស់បងប្អូនប្រជាពលរដ្ឋក្នុងដាំដុះដំណាំស្រូវ ជាពិសេសនៅក្នុងរដូវប្រាំងដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានរៀបចំបញ្ចប់ការងារចុះសន្យាលើការងារទិញស្ថានីយបូមទឹកទាំង១៤ ស្ថានីយពីឯកជន មកគ្រប់គ្រងវិញ។
ពិធីចុះកិច្ចសន្យានេះ ត្រូវបានរៀបចំឡើងនៅសាលាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងម្ចាស់ស្ថានីយទាំង ១៤ទីតាំង នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ។
នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា កាលមុនការទិញស្ថានីយបូបទឹកនេះ ប្រជាពលរដ្ឋត្រូវចំណាយថវិកាច្រើនលើថ្លៃបូមទឹកដាក់ស្រែ ប៉ុន្ដែក្រោយពីរដ្ឋទិញស្ថានីយបូមទឹកទាំងអស់នោះ ប្រជាកសិករចំណាយតិចជាងនេះ ដែលជាដំណោះស្រាយដ៏ល្អមួយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជួយសម្រួលការចំណាយរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម នួន ផារ័ត្ន បន្ថែមទៀតថា បច្ចុប្បន្ននេះ ខេត្តកំពង់ធំ បានកំពុងសាងសង់ទំនប់ស្ទាក់ទឹកជាច្រើនកន្លែង ដើម្បីត្រៀមទឹកសម្រាប់ផ្គត់ផ្គង់ការបង្ករបង្កើនផលរបស់ប្រជាពលរដ្ឋមានទឹកប្រើប្រាស់គ្រប់គ្រាន់ ។ លើសពីនេះ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅឈូសឆាយដីតំបន់៣ និងហាមដាច់ខាត់ឈូសឆាយព្រៃនៅតំបន់២ ដែលជាតំបន់ហាមឃាត់។
អត្ថបទនិងរូបភាពដោយ លោក ឈួន ឈេងមួន-ពិនិត្យដោយអ៊ុមញឹប។