អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលផ្លូវបេតុងអាមេ ដែលជាគម្រោងមូលនិធិឃុំឆ្នាំ ២០២៤ ស្រុកបារាយណ៍
(ខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ថ្លែងថា ផ្លូវជាសរសៃឈាមដ៏មានសារៈសំខាន់ ភូមិមានផ្លូវល្អ មានផ្លូវស្អាត មានទឹកស្អាត មានភ្លើង ជាភូមិសុខដុមរមនី ដែលប្រជាពលរដ្ឋគ្រប់រូបប្រាថ្នាចង់បាន «មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ, មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ»។
ប្រសាសន៍នេះត្រូវបានលើកឡើងនាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងពិធីសម្ពោធសមិទ្ធផលផ្លូវបេតុងអាមេ ដែលជាគម្រោងមូលនិធិឃុំឆ្នាំ ២០២៤ មានប្រវែង ៧៣៩ម៉ែត្រ នៅឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ឯកឧត្តម នួន ផារ័ត្ន បន្ថែមទៀតថា នេះគឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ឃុំចើងដើង ដែលមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែង ប្រទាក់ក្រឡាគ្នា ដែលជាចរន្តសេដ្ឋកិច្ចមួយ ក្នុងសម្រួលជីវភាពប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើងថែមទៀត។
លើសពីនេះ ឯកឧត្តម នួន ផារ័ត្ន បន្តទៀតថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភានេះ បានអនុគ្រោះពន្ធបន្ថែមលើវិស័យកសិកម្ម បន្តមិនយកពន្ធដីកសិកម្មជាលក្ខណៈគ្រួសារ ការនាំចូលសម្ភារកសិកម្ម កសិផលកសិកម្ម និងការលើកលែងអាករតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារជាមូលដ្ឋានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សាផ្លូវបេតុងនេះ ប្រកដោយការទទួលខុសត្រូវខ្ពស់ ដើម្បីឲ្យផ្លូវបេតុងនេះកាន់តែរឹងមាំ ជាប់យូរអង្វែង ជាពិសេស សោភ័ណភាពសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវក្នុងមូលដ្ឋានមើលទៅកាន់តែស្រស់ស្អាត ដោយចូលរួមថែទាំទាំងអស់គ្នា។
អត្ថបទដោយ យីម ប៊ុនហ័រ
រូបភាពដោយ លោកឈួន ឈេងមួន-ពិនិត្យដោយអ៊ុមញឹប។