កម្មវិធីជជែកដេញដោលយុវជនថ្នាក់ខេត្ត២០២៤ “វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ”
(កំពង់ធំ)៖ ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ការិយាល័យយុវជន នៃមន្ទីរអប់រំយុវជន និងកីឡា បានរៀបចំការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ និងជាប្រធានយុវជន ស.ស.យ.ក ខេត្តកំពង់ធំ និងមានការចូលរួមពី លោក ជឹម ឈឿន ប្រធានការិយាល័យ យុវជន និងកុមារ នៃនាយកដ្ឋានអប់រំ យុវជន និងកុមារ, លោក សាន វុទ្ធី អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ, លោក ឯក ហៀង នាយកវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ធំ ព្រមទាំង លោកគ្រូ អ្នកគ្រូ បេក្ខជន បេក្ខនារី និងសិស្សានុសិស្ស ដែលប្រព្រឹត្តទៅ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ។
បេក្ខជន បេក្ខនារី ដែលត្រូវប្រគួតក្នុងវគ្គនេះ មាន ០៤ក្រុម៖ ១. វិទ្យាល័យ ទ្រៀល (ក្រុមស្រប) vs-យុវជនឆ្នើម ស ស យ ក កំពង់ធំ (ក្រុមដិសេធ) ក្រោមប្រធានបទ: យុវជនគួរជ្រើសរើសរៀនតាមទេព្យកោសល្យខ្លួន ជាជាងរើសជំនាញរៀនតាមទីផ្សារការងារ។
២. វិទ្យាល័យជា ស៊ីមប្រឡាយ(ក្រុមស្រប) vs-វិទ្យាល័យទួលក្បិល(ក្រុមបដិសេធ) ក្រោមប្រធានបទ: ក្រុមប្រឹក្សាយុវជន ដើរតួនាទីចម្បងក្នុងការគ្របគ្រង់សំរាមនៅតាមសាលារៀន។ ក្រុមទាំងបួន ត្រូវប្រកួតប្រជែងដើម្បីបន្តទៅវគ្គបន្ទាប់។
ជាលទ្ធផលដែលសម្រេចបាន ក្រុមដែលទទួលបានឱកាសបន្តទៅវគ្គផ្ដាច់ព្រ័ត្រគឺ ក្រុមយុវជនដែលមកពី វិទ្យាល័យទ្រៀល និងក្រុមយុវជដែលមកពី វិទ្យាល័យទួលក្បិល។
គួរបញ្ជាក់ផងថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤ រៀបចំឡើងក្នុងគោលបំណងជំរុញ និងបណ្តុះយុវសិស្សឱ្យមានបំណិនស្រាវជ្រាវ ការនិយាយជាសាធារណៈ ការវិភាគបែបស៊ីជម្រៅ ការបញ្ចេញមតិប្រកបដោយ ភាពឆ្លាតវៃ មានក្រមសីលធម៌ មូលដ្ឋានព័ត៌មានច្បាស់លាស់ និងបំណិនឌីជីថល។