អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយគ្រូបង្រៀន និងសិស្សានុសិស្ស ចូលរួមវគ្គបំប៉នត្រៀមប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤
(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្រៀន និងសិស្សានុសិស្ស ចូលរួមវគ្គបំប៉នត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៨ តុលា ២០២៤ នៅវិទ្យាល័យ ជា ស៊ីម ប្រឡាយ ស្ថិតនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តម បានថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏ដូចជាគ្រូបង្គោលស្ម័គ្រចិត្តទាំងអស់ ដែលបានចំណាយកំលាំងកាយ ប្រាជ្ញាស្មារតី និងពេលវេលាដ៏មានតម្លៃរបស់ខ្លួន ក្នុងការផ្តល់ចំណេះដឹង តាមរយៈវគ្គបំប៉នបន្ថែមដោយស្ម័គ្រចិត្តដល់ប្អូនៗ សិស្សានុសិស្សទាំងអស់ ដែលត្រូវត្រៀមប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ ខាងមុខនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តម បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ខិតខំសិក្សាបន្ថែម ដើម្បីចាប់យកឱកាសនៃការប្រលងនេះ អោយទទួលបានជោគជ័យ ដើម្បីអនាគតរបស់ខ្លួន គ្រួសារ និងសង្គមជាតិ។ អត្ថបទដោយ៖ លោក ថុង ពលរិទ្ធី-ពិនិត្យដោយអ៊ុមញឹប។