មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំកងកម្លាំងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម លុក សម្បត្តិ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ
(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម លុក សម្បត្តិ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ ដែលបានទទួលមរណភាពនៅវេលាម៉ោង៣ និង៤០ នាទី ទាបភ្លឺ ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នេះ ដោយរោគាពាធនៅមន្ទីរពេទ្យនាទីក្រុងភ្នំពេញ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុត ចំពោះឯកឧត្តម លុក សម្បត្តិ ដែលជាចាស់ព្រឹទ្ធាចារ្យ និងជាធនធានមនុស្សដ៏ល្អរបស់ខេត្តកំពង់ធំ ហើយជាយុទ្ធមិត្តរួមអាវុធ ក្នុងនាមជាអនុប្រធានស្វ័យការពារបណ្តាមន្ទីរស្ថាប័នជុំវិញខេត្ត ការពារទីរួមខេត្តកំពង់ធំ ដើម្បីទប់ស្កាត់មិនឱ្យក្រុមខ្មែរក្រហមវាយចូលទីរួមខេត្តបានក្នុងសម័យសង្គ្រាមនាទសវត្សរ៍ឆ្នាំ១៩៨០ – ១៩៩០ ផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងនាយទាហាន នាយហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានស្មិងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធ និងងបានសូមបួងសួង សូមឱ្យដួងវិញ្ញាណក្ខន្ធឯកឧត្តម លុក សម្បត្តិ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ហើយនៅក្នុងឱកាសនេះ ថ្នាក់ដឹកនាំ និងនាយទាហាន នាយទាហានរង និងពលទាហាន បានសំណេះសំណាលជាមួយនឹងក្រុមគ្រួសារសព និងបានចូលរួមបច្ច័យមួយចំនួន ក្នុងពិធីបុណ្យសពនេះផងដែរ។អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។