លោកឃីម សុខឃាង បានលើកឡើងថាគ្រឿងញៀនបំផ្លាញជីវិត បំផ្លាញគ្រួសារនិងបំផ្លាញអនាគតរបស់ប្អូនៗ
(កំពង់ធំ)÷ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៤ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយស្ដីពីការប្រើប្រាស់គ្រឿងញៀន និងបារីអេឡិចត្រូនិចនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
អញ្ជើញចូលរួមក្នុងពិធីប្រជុំផ្សព្វផ្សាយស្ដីពីការប្រើប្រាស់គ្រឿងញៀន និងបារីអេឡិចត្រូនិច មានដូចជា លោក សុខ ធី មេបញ្ជាការកងរាជអាវុធហត្ថស្រុក លោក ឃួន វុទ្ធី អធិការនៃអធិការដ្ឋាននគរបាលស្រុក លោកមេឃុំសំបូរណ៍ លោកមេប៉ុស្តិ៍រដ្ឋបាលសំបូរណ័ លោកអនុប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុកបលោកនាយក នាយករង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលចូលរួមជាច្រើនផងដែរ។
ថ្លែងនៅក្នុងឱកាសជួបជាមួយប្អូនៗសិស្សានុសិស្ស លោក ឃីម សុខឃាង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ ស្ដាប់លោកគ្រូអ្នកគ្រូ របស់ប្អូនៗសិស្សានុសិស្ស ព្រមទាំំងលើកទឹកចិត្តឱ្យប្អូនៗចូលរួមក្នុងការងារសង្គមតាមដែលអាចធ្វើទៅបាន និងថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូដែលតែងតែយកចិត្តទុកដាក់អប់រំ ណែនាំ និងបង្រៀនដល់ប្អូនៗដោយមិនគិតពីការនឿយហត់នោះឡើយ។
លោកក៏បានបន្ថែមទៀតថា ប្អូនៗទាំងអស់គ្នាគឺជាថ្នាលអនាគតរបស់ប្រទេសជាតិ ដូច្នេះក្នុងនាមជាកូនល្អ សិស្សល្អ មិត្តល្អ ត្រូវតែអនុវត្តឱ្យបាននៅសីលធម៌ និងចរិយាធម៌ ដើម្បីក្លាយទៅជាពលរដ្ឋដែលមានចំណេះ ជំនាញពិតប្រាកដ។
លោក ឃីម សុខឃាង ក៏បានសង្កត់ធ្ងន់ដែរថា រឿងសំខាន់បំផុតគឺប្អូនៗមិនត្រូវសេពគ្រឿងញៀន និងជក់បារីអេឡិចត្រូនិចនោះឡើយ។ គ្រឿងញៀន និងជក់បារីអេឡិចត្រូនិចបានផ្ដល់ផលវិបាកដល់អ្នកប្រព្រឹត្តផ្ទាល់ ក្រុមគ្រួសារ និងសង្គមជាតិទាំងមូលដូចជា : ធ្វើឱ្យប៉ះពាល់ដល់សុខភាព ធ្វើឱ្យខាតបង់ថវិកា បង្កជាអំពើហឹង្សា មានចោរកម្មលួច-ប្លន់ និងបទឧក្រិដ្ឋផ្សេង ព្រមទាំងនាំឱ្យមានការរើសអើងផងដែរ។ ម្យ៉ាងវិញទៀតនៅពេលដែលប្អូនៗចប់ការសិក្សាហើយចង់ស្វែងរកការងារធ្វើនោះ ប្រសិនបើប្អូនៗមានសារធាតុញៀននៅក្នុងខ្លួន ប្អូនៗមិនអាចរកការងារបានធ្វើឡើយ។
លោក ឃីម សុខឃាង បានផ្ដាំផ្ញើដល់ប្អូនៗសិស្សានុសិស្សត្រូវតែអនុវត្តឱ្យបាននូវអំពើល្អ មានគុណធម៌ ចេះជួយយកអាសារគ្នាទៅវិញទៅមក ហើយក៏ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន នឹងត្រូវនិយាយថាទេចំពោះគ្រឿងញៀន។ អត្ថបទរដ្ឋបាលស្រុកប្រាសាទសំបូរ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។