មេបញ្ជាការតំបន់ប្រតិបត្តិការសឹតរងកំពង់ធំ ពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ជូនដល់កងកម្លាំង
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងនាយការិយាល័យ ស្ថាប័នចំណុះនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចូលរួមផងដែរ ។
លោកវរសេនីយ៍ទោ នូ វុទ្ធា នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីសកម្មភាពនៃការអនុវត្តតួនាទីភារកិច្ច ច្បាប់ លក្ខន្តិកៈ និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ក្នុងរយៈពេលកន្លងទៅ ទទួលបានលទ្ធផលល្អប្រសើរ ។ ក្នុងករណីមានយោធិនដែលសេរី អប់រំមិនបាន និងល្មើសវិន័យ របស់កងយោធពលខេមរភូមិន្ទ ត្រូវបានស្នើសុំទៅក្រសួងការពារជាតិ តាមឋានានុក្រម ដើម្បីលុបឈ្មោះចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ ស្របតាមការណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៤។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំបំពេញតួនាទីភារកិច្ច ស្របតាមលក្ខន្តិកៈ បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ និងច្បាប់របស់រដ្ឋ បានល្អប្រសើរ ដោយមិនមានយោធិនណាម្នាក់ត្រូវបានដាក់វិន័យ ឬត្រូវបានផ្ដន្ទាទោសតាមផ្លូវច្បាប់ឡើយ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានណែនាំដល់យោធិនទាំងអស់ ត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។ គ្រប់បណ្តាកងឯកភាពជានិច្ចជាកាលត្រូវត្រួតពិនិត្យគ្រឿងបំពាក់ និងត្រៀមកម្លាំង មធ្យោបាយគ្រប់គ្រាន់ ក្នុងកិច្ចការពារជាតិបូរណភាពទឹកដី ចូលរួមសហការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងសង្គម ពិសេសត្រូវប្ដេជ្ញាចិត្តដាច់ខាតការពារឲ្យបានរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដើម្បីរក្សាសុខសន្តិភាព ជូនប្រជាជនកម្ពុជាឲ្យនៅគង់វង្សជារៀងរហូត ទោះបីក្នុងតម្លៃណាក៏ដោយ ។
នៅក្នុងឱកាសនេះដែរ ឯកឧត្ដមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព និងនាយការិយាល័យ ស្ថាប័នចំណុះ ត្រូវយកចិត្តទុកដាក់ក្នុងការហ្វឹកហ្វឺនពង្រឹងសមត្ថភាព និងគុណភាពកងកម្លាំង ។ យកចិត្តទុកដាក់ការងារបង្កបង្កើនផលចិញ្ចឹមសត្វលើកស្ទួយជីវភាពរស់នៅរបស់កងទ័ពឱ្យបានល្អប្រសើរ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។