លោក អ៊ុត ណាវ៉ាន់ ជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិបន្តពង្រឹងកិច្ចសហការជាមួយភាគីពាក់ព័ន្ធ អនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថានឱ្យមានប្រសិទ្ធភាពខ្ពស់
(កំពង់ធំ)៖ លោក អ៊ុត ណាវ៉ាន់ អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន ជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិបន្តពង្រឹងកិច្ចសហការជាមួយភាគីពាក់ព័ន្ធ អនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថានឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកបានលើកឡើងបែបនេះ ក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធវិស័យបរិស្ថាន ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានរៀបចំឡើងនៅមន្ទីរបរិស្ថានខេត្តកំពង់ធំ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក អ៊ុត ណាវ៉ាន់ បានថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្មរបស់សិក្ខាកាម និងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសិក្ខាសាលា ដែលបានរួមចំណែកពង្រឹងការយល់ដឹង និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រវិស័យបរិស្ថាននៅថ្នាក់ក្រោមជាតិ។
លោកអគ្គនាយករង ក៏បានជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិបន្តពង្រឹងកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ និងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថានឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន សំដៅលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ។
សូមបញ្ចាក់ថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងអំពីគោលនយោបាយ និងយុទ្ធសាស្ត្រសំខាន់ៗរបស់ក្រសួងបរិស្ថាន ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ការអនុវត្តការងារបរិស្ថានឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមទិសដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព។ សរសេរអត្ថបទដោយ សូរហ៊ាន សំអាង















![]()
