ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គនៅប្រាសាទសំបូរព្រៃគុក ក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈចេនឡាមុនសម័យអង្គរ»
(កំពង់ធំ)៖ ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គ ក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈចេនឡាមុនសម័យអង្គរ» ត្រូវបានបើកជាផ្លូវការហើយ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និង វិចិត្រសិល្បៈ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដោយចាប់ផ្តើមចេញដំណើរពីគល់ស្ពានក្រុងស្ទឹងសែន ឆ្ពោះទៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦។
នៅក្នុងព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គ នេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កីឡាករ កីឡាការិនី ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាច្រើនរូបផងដែរ។
ឯកឧត្តម ហួត ហាក់ បានលើកឡើងថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីចូលរួមអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២៦) និងផ្សព្វផ្សាយតំបន់គោលដៅ ទេសចរណ៍វប្បធម៌ បេតិកភណ្ឌធម្មជាតិ និងដើម្បីជំរុញកំណើនភ្ញៀវទេសចរណ៍នារដូវកាលបៃតង ព្រមទាំងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ វប្បធម៌ និងកីឡា ឱ្យកាន់តែមានភាពរស់រវើក។
ឯកឧត្តម បានបន្តថា ការរៀបចំព្រឹត្តិការណ៍នេះ មិនត្រឹមតែជាកម្មវិធីកីឡាប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏មានសារៈសំខាន់ក្នុងការផ្សារភ្ជាប់ការហាត់ប្រាណជាមួយការសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រ និងអរិយធម៌ខ្មែរ ដោយនាំអ្នកចូលរួមធ្វើដំណើរឆ្លងកាត់តំបន់ប្រវត្តិសាស្ត្រនៃអតីតរាជធានីឦសានបុរៈ ដែលជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ដ៏រុងរឿងនៃអាណាចក្រចេនឡាមុនសម័យអង្គរ។
ឯកឧត្តមបានបន្ថែមទៀត ព្រឹត្តិការណ៍នេះគឺជាការរួមបញ្ចូលគ្នារវាងវិស័យកីឡា ទេសចរណ៍ វប្បធម៌ និងបរិស្ថាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យទេសចរណ៍បែបវប្បធម៌ និងទេសចរណ៍កីឡា ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋចូលរួមថែរក្សា និងអភិរក្សសម្បត្តិបេតិកភណ្ឌជាតិ ឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គ ក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈចេនឡាមុនសម័យអង្គរ» គឺជាការរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ អាជ្ញាធរជាតិសំបូរព្រៃគុក និងទាំងវិស័យឯកជន។ អត្ថបទដោយ សូរហ៊ាន សំអាង






























![]()
