លោកអភិបាលស្រុកស្ទោង លើកទឹកចិត្តអ្នកផ្គត់ផ្គង់អាហារពេលព្រឹក តាមសាលារៀនបឋមសិក្សាត្រូវប្រើប្រាស់ផលិតផលនៅក្នុងសហគមន៍
(កំពង់ធំ)៖ លោកអភិបាលស្រុកស្ទោងលើកទឹកចិត្តអ្នកផ្គត់ផ្គង់អាហារពេលព្រឹកតាមសាលារៀនបឋមសិក្សាត្រូវប្រើប្រាស់ផលិតផលនៅក្នុងសហគមន៍។ លោក សាយ គឹមឡម បានជំរុញលើកទឹកចិត្តដូច្នេះក្នុងឱកាសដែលលោកបានអញ្ជើញចុះជួបសំណេះសំណាល ទស្សនៈកិច្ចការទទួលទានអាហារពេលព្រឹករបស់សិស្សានុសិស្ស នៃសាលាបឋមសិក្សាធ្លក ស្ថិតនៅក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំកាលពី នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦។
លោកបានបន្ថែមថាបច្ចុប្បន្ននេះបន្លែ ត្រី សាច់ ស៊ុត ដែលជាផលិតផលមានគុណភាព សុវត្ថិភាព គ្មានប្រើប្រាស់សារធាតុគីមី ដែលមិនប៉ះពាល់ដល់សុខភាពនៅក្នុងសហគមន៍តាមបណ្តាភូមិ/ឃុំ នានា ហេតុនេះអ្នកផ្គត់ផ្គង់ត្រូវតែ ទៅសហការដើម្បីទទួលទិញនូវផលិតផលទាំងនោះមកផ្គត់ផ្គង់ចម្អិនជាអាហារពេលព្រឹកសម្រាប់សិស្សជាប្រចាំដែលជាផ្នែកមួយនៃការលើកកម្ពស់សុខភាពសិក្សា និងសុខភាពសាធារណៈផងដែរ។
ជាមួយគ្នានេះលោកក៏បានលើកទឹកចិត្តដល់ចុងភៅ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សត្រូវ សហការនិងអនុវត្តបានខ្ជាប់ខ្ជួននូវអនាម័យ៣ល្អ ជាពិសេសធ្វើអនាម័យសម្ភារផ្ទះបាយ បានស្អាត និងសុវត្ថិភាព ការចម្អិនម្ហូបរៀងរាល់ពេលនឹងអនាម័យគ្រប់ស្ថានភាពទាំងអស់ នៅក្នុងរោងបាយ។
សូមបញ្ជាក់ថាលោក សាយ គឹមឡម បានសន្យាធ្វើតុបាយវែងថ្មីចំនួន
៦គ្រឿន ជូនសិស្សានុសិស្សសម្រាប់ហូបអាហារពេលព្រឹកដែលនឹងប្រគល់ជូនក្នុងពេលឆាប់ៗនេះ ហើយសាលាបឋមសិក្សាធ្លក មានសិស្សសរុប ១៧៥នាក់ ស្រី៨៥នាក់ គ្រូសរុប៧នាក់ ស្រី៤នាក់ ថ្នាក់សរុប៧ថ្នាក់ផងដែរ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង












![]()
