ឯកឧត្តម ថោ ជេដ្ឋា បានលើកឡើងថា ការព្យាបាលជំងឺជូនពលរដ្ឋដោយឥតថ្លៃគឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្ដេចធិបតីហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងសុខភាពពលរដ្ឋគ្រប់មូលដ្ឋាន
(កំពង់ធំ)÷ ឯកឧត្តម ថោ ជេដ្ឋា បានលើកឡើងថា ការព្យាបាលជំងឺជូនពលរដ្ឋដោយឥតថ្លៃគឺជាការយកចិត្តទុកដាក់ខ្ពង់ខ្ពស់របស់សម្ដេចធិបតីហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់សុខភាពសាធារណៈនិងសុខភាពពលរដ្ឋគ្រប់មូលដ្ឋាន: ឯកឧត្តមបានលើកឡើងដូច្នេះនៅ ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាតិនិងអន្តរជាតិចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅស្រុកស្ទោង ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តមសង្កត់ធ្ងន់ថា ការព្យាបាលជំងឺនៅក្នុងឱកាសនេះគឺជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលអាណត្តិទី ៧ ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រក៏ដូចជាការចូលរួមលើកកម្ពស់សុខភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើងថែមទៀត។
ទន្ទឹមនឹងនេះឯកឧត្តមបានកោតសរសើរនិងថ្លែងអំណរគុណជាអនេកដល់អាជ្ញាធរស្រុកស្ទោងដែលបានជួយសម្របសម្រួលឱ្យប្រជាពលរដ្ឋបានមកទទួលការ ពិនិត្យ ព្យាបាលនិងទទួលថ្នាំ ពីក្រុមគ្រូពេទ្យនៅក្នុងឱកាសនេះ និងក្រុមការងារព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តមិនខ្លាចនឿយហត់ក្នុងការព្យាបាលជំងឺជូនពលរដ្ឋនៅក្នុងឱកាសនេះ ដែលថែមទាំងលើកកម្ពស់សុខុមាលភាពប្រជាជននិងអាហារូបត្ថម្ភព្រមទាំងជំរុញសេដ្ឋកិច្ចក្នុងមូលដ្ឋានស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
លើសពីនេះការពិនិត្យព្យាបាលនៅក្នុងឱកាសនេះគឺជាការ រួមចំណែកយ៉ាងធំធេងក្នុងការបង្ខិតសេវាសុខាភិបាលឱ្យបានកៀកដល់ជណ្តើរផ្ទះប្រជាពលរដ្ឋជាពិសេសការចូលរួមចំណែកដ៏ធំធេង របស់ក្រុមគ្រូពេទ្យស្មោះចិត្តជួយព្យាបាលជំងឺដោយឥតគិតថ្លៃដែលពោរពេញដោយស្នាមញញឹមនិងការជឿទុកចិត្តចេញពីក្រៅបេះដូងនិងជាគំរូបរបស់សង្គមជាតិ។
ជាចុងបញ្ចប់ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងទាំងមូលក៏ដូចជាអ្នកដែលបានមកទទួលសេវាព្យាបាលនៅក្នុងការនេះសូមបន្តថែរក្សាសុខភាពឱបានល្អព្រមទាំងរស់នៅប្រកបដោយអនាម័យខ្ជាប់ខ្ជួន ជាតិពិសេសត្រូវផ្តល់ប្រឹក្សាយោបល់ឱ្យត្រូវនឹងអាការៈជំងឺជូនគ្រូពេទ្យដើម្បីគ្រូពេទ្យវិនិច្ឆ័យព្យាបាលនិងផ្ដល់ថ្នាំជូនឱ្យបានឆាប់ជាសះស្បើយត្រឡប់ទៅផ្ទះវិញ។
សូមបញ្ជាក់ថា ការពិនិត្យព្យាបាលនៅក្នុងឱកាសនេះគឺមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ០៥រហូតដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិទ្យាល័យរស្មីសោភ័ណ ដែលគ្រោងពិនិត្យព្យាបាលជូនពលរដ្ឋប្រមាណ ៣.០០០នាក់ និងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាតិនិងអន្តរជាតិប្រមាណ៩០នាក់ផងដែរ។ អត្ថបទនិងរូបភាពដោយ ឆុន ឆេងក្រឹម-ពិនិត្យដោយអ៊ុមញឹប។