ឧត្ដមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លំាងចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទស្សនា និងស្ដាប់ការថ្លែងសារពិសេសផ្សាយផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បានដឹកនាំកងកម្លំាងចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទស្សនា និងស្ដាប់ការថ្លែងសារពិសេសផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍នានានៅកម្ពុជា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវខ្លឹមសារសំខាន់ៗចំនួន ៨ចំណុច អំពីសភាពការណ៍កម្ពុជា និងថៃ ។ សម្តេចបានគូសបញ្ជាក់អំពីនាយករដ្ឋមន្ត្រីថៃ ដែលបានប្រមាថព្រះមហាក្សត្រថៃ តាមរយៈការប្រមាថឧត្ដមសេនីយ៍មេបញ្ជាការយោធភូមិភាគទី២ របស់ថៃ ដែលជាការក្បត់ជាតិ និងក្បត់ប្រជាជនថៃ និងត្រៀមខ្លួនផ្ដល់ព័ត៌មានស្ដីពីការប្រមាថព្រះមហាក្សត្រថៃបន្ថែមទៀត ពីសំណាក់នាយករដ្ឋមន្ត្រីថៃ ក្នុងករណីចាំបាច់ ។ ហើយនាយករដ្ឋមន្ត្រីថៃនេះ បានបង្ករបញ្ហាជាច្រីនជាមួយកម្ពុជា ពិសេសការបិទច្រកព្រំដែនដោយឯកតោភាគី ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រជាជនថៃ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាត្រៀមខ្លួនធ្វើការងារជាមួយនាយករដ្ឋមន្ត្រីថៃថ្មី នៅពេលខាងមុខ ហើយសម្តេចតេជោនៅតែចង់មានដំណោះស្រាយដោយសន្តិវិធីជាមួយថៃ ហើយសម្តេចនៅតែប្រកាន់ជំហរនយោបាយប្រែក្លាយតំបន់សមរភូមិ ជាតំបន់អភិវឌ្ឍន៍ ជាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ និងនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តដាច់ខាតគាំទ្រ និងគោរពតាមបទបញ្ជារបស់សម្ដេចអគ្គមហាសេនាតេជោ នាយឧត្ដមសេនីយ៍ផ្កាយមាស៥ ផុតលេខ ហ៊ុន សែន អគ្គភស្តុភារជាន់ខ្ពស់ នៃកងកម្លាំងប្រដាប់អាវុធជាតិកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ដោយត្រៀមខ្លួនរួចជាស្រេចក្នុងភារកិច្ចការពារជាតិ និងការពារបូរណភាពទឹកដី មិនឲ្យខ្មាំងសត្រូវសៀមឈ្លានពានបានឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។