ពលករខ្មែរមកពីប្រទេសថៃ ត្រលប់មកស្រុកកំណើតវិញក្នុងខេត្តកំពង់ធំ តាមរយៈរថយន្តក្រុងរបស់រដ្ឋបាលខេត្ត ដោយឥតគិតថ្លៃមានចំនួន១៨៦៦នាក់
(កំពង់ធំ)៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើការណែនាំ ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃ ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំ ដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ ត្រូវត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាពបឋម និងដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើតវិញ ដោយឥតគិតថ្លៃ ជាពិសេសត្រូវជួយស្វែងរកការងារក្នុងស្រុកជូនដល់បងប្អូនពលករយើង។
ជាក់ស្តែងតាមទិន្នន័យរបស់រដ្ឋបាលខេត្តកំពង់ធំ គិតមកដល់ថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៥ ពលករបានវិលត្រលប់មកស្រុកកំណើតវិញ តាមរយៈរថយន្តក្រុងរបស់រដ្ឋបាលខេត្ត ដោយឥតគិតថ្លៃ មានចំនួន១.៨៦៦នាក់ ក្នុងនោះស្រី៩៦៥នាក់ លើពលករនៅទូទាំងខេត្តសរុប១៣.៧៨១នាក់។ សូមរំលឹកថា៖ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារ ក្នុងប្រទេសជូនបងប្អូន ដែលត្រលប់មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាយើងនៅ ខ្វះកម្លាំង ពលកម្មនៅឡើយ។ (អត្ថបទអ៊ិមញឹប)