ខេត្តកំពង់ធំ ប្រារព្ធពិធីមិទ្ទីងមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិត ក្នុងសម័យសង្គ្រាមនៅកម្ពុជា
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៥ ខេត្តកំពង់ធំបានប្រារព្ធពិធីមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ៦អដ្ឋិធាតុថ្មីទៀត ដែលជីករុករកបាន នៅក្នុងជំហានទី២ ដំណាក់កាល ទី២៤ រដូវប្រាំងឆ្នាំ ២០២៤ – ២០២៥ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្ត និងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជំនាញជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមខេត្តកំពង់ធំ ព្រមទាំងលោកវរសេនីយ៍ឯកបម្រុង តុង ង៉ុកជឿង អនុប្រធានក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពវៀតណាម កា ៧២ ខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការនិមន្តចូលរួមពីព្រះសង្ឃ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមបច្ចេកទេស ការ៧២ ព្រមទាំងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករផងដែរ ។
លោកវរសេនីយ៍ឯកបម្រុង តុង ង៉ុកជឿង បានឡើងរាយការណ៍អំពីលទ្ធផលនៃការជីករុករកអដ្ឋិធាតុក្នុងជំហានទីទី១ និងជំហានទី ២ ដំណាក់កាលទី២៤ រដូវប្រាំងឆ្នាំ ២០២៤ និងឆ្នាំ២០២៥ នេះ ទទួលបានអដ្ឋិធាតុចំនួន ១៤ អដ្ឋិធាតុ ព្រមទាំងបានធ្វើមាតុភូមិនិវត្តន៍រួចហើយ និងបានបញ្ជាក់អំពីការលំបាកនិងការងាយស្រួល ក្នុងសកម្មភាពនៃការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងដំណាក់កាលទី២៤ នេះ ជូនអង្គពិធីផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការស្រាវជ្រាវជីកគាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម វិលត្រឡប់ទៅមាតុភូមិវិញ បានបញ្ជាក់ថា មកដល់ពេលនេះខេត្តកំពង់ធំ បានសហការជីកគាស់នឹងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា បានចំនួន ១,១៧៨ អដ្ឋិធាតុរួចហើយ ដោយបានចាប់ផ្ដើមដំណើរការស្រាវជ្រាវជីកគាស់យកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាមនេះ តាំងពីក្នុងរដូវប្រាំងឆ្នាំ ២០០៣ រហូតដល់រដូវប្រាំងឆ្នាំ ២០២៥ នេះ ។ ចំពោះអដ្ឋិធាតុដែលស្រាវជ្រាវ និងសន្និដ្ឋានថានៅសេសសល់ប្រមាណ ចំនួន ពី៦០ ទៅ៧០ អដ្ឋិធាតុទៀតនិងដំណើរការជីករុករកបន្ត តាមកិច្ចព្រមព្រៀងជាក់ស្ដែងរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះវីរៈកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិត ក្នុងសម័យសង្គ្រាមនៅកម្ពុជា ពិសេសបានសហការជាមួយកងទ័ពរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ទទួលបានជ័យជម្នះនៅថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ ដោយបានរំដោះអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ ឲ្យរស់រានមានជីវិតឡើងវិញ ។
ឯកឧត្តម ជា វ៉ាន់ចាន់ ក៏បានប្តេជ្ញាចិត្ត ក្នុងការបន្តសហការជាមួយក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម កា៧២ នៃកងទ័ពប្រជាជនវៀតណាម ដើម្បីបន្តស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុដែលនៅសេសសល់ ធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសវៀតណាមវិញ បានជួបជុំសាច់ញាតិក្រុមគ្រួសារ ដែលកំពុងរង់ចាំ។
បន្ទាប់មកអង្គពិធីបានជូនដំណើរ និវត្តន៍របស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងក្រុមបច្ចេកទេស ជីករុករកអដ្ឋិធាតុ កា៧២ ដើម្បីវិលនិវត្តន៍ ទៅកាន់ប្រទេសវៀតណាមវិញ ប្រកបដោយសុវត្ថិភាព។អត្ថបទតំបន់ប្រតិបត្តិការសិទ្ធិកំពង់ធំ-ពិនិត្យដោយអុ៊មញឹប។