ប្រធានក្រុមប្រឹក្សាស្រុកស្ទោង លើកទឹកចិត្តដល់អាជ្ញាធរឃុំត្រូវតម្កល់ផលប្រយោជន៍រាស្រ្តជាធំ
(កំពង់ធំ)÷ លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង បានលើកទឹកចិត្តអាជ្ញាធរឃុំត្រូវតម្កល់ផលប្រយោជន៍រាស្រ្តជាធំ លោកបានលើកឡើងដូច្នេះនៅក្នុងឱកាសដែលលោក និងសមាជិកសមាជិកាព្រមទាំង លោក សាយ គឹមឡម អភិបាលស្រុក និងសហការី បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុកស្ទោងអាណត្តិទី ៤នៅឃុំទ្រា កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។
លោកបន្ថែមថា វេទិកានេះពិតជាមានសារៈសំខាន់ណាស់ដែលប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានឱកាសអាចលើកអំពីបញ្ហាឬទុកកង្វល់របស់ខ្លួន ជូនដល់សមាជិកសមាជិកាក្រុមប្រឹក្សាស្រុកក៏ដូចជាអាជ្ញាធរស្រុកបានដឹងបានឮនិងបានជួយដោះស្រាយទាន់ពេលវេលាជាពិសេស ត្រូវមានភាពក្លាហានហើយមិនត្រូវមានការភិតភ័យពីការគំរាមកំហែងពីបុគ្គលណាម្នាក់ឬស្ថាប័នណាមួយនោះឡើយ ឱ្យតែពុកម៉ែបងប្អូនលើកឡើងពីរបញ្ហាឬកង្វល់ដែលពិតប្រាកដមិនរំលោភបំពានសិទ្ធិ អ្នកដទៃ។
ជាមួយគ្នានេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានបញ្ជាដាច់ខាតដល់អាជ្ញាធរឃុំទ្រា ដែលមានរដ្ឋបាលឃុំនិងប៉ុស្តិ៍នគរបានរដ្ឋបាល ត្រូវសហការគ្នាក្នុងការចុះសិក្សាឱ្យបានដល់ទីតាំងផ្ទល់នូវបញ្ហានិងទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ឱ្យបានជ្រះស្រឡះជាពិសេសបញ្ហាទំនាស់ដីធ្លីឬការរំលោភបំពានទ្រព្យសម្បត្តិសាធារណៈរបស់បុគ្គលមួយចំនួនដែលតែងតែកើតមានឡើងដដែលៗ ថែមទាំងបង្កនូវការភ័យខ្លាចនិងជាអំពើអាណាធិបតេយ្យរ៉ាំរ៉ៃនៅក្នុងមូលដ្ឋានឱ្យខាងតែបាន ជាពិសេសលោកបានដាក់ឱសានុវាទដល់អាជ្ញាធរឃុំទ្រា ត្រូវដោះស្រាយបញ្ហាទាំងនេះឱ្យបានដាច់ខាតដើម្បីឱ្យប្រជាពលរដ្ឋអស់មន្ទិលក្នុងនាមជាអាណាព្យាបាលផ្ទាល់។
ជាចុងបញ្ចប់លោកសាយ គឹមឡម បានណែនាំដល់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទ្រា និងលោកអធិការដ្ឋាននគរបាលស្រុកស្ទោង និងមន្ត្រីក្រោមឱវាទ ត្រូវសហការគ្នាឱ្យបានល្អប្រសើរឡើងថែមទៀតក្នុងការធ្វើឯកសារអត្រានុកូលដ្ឋាន អត្តសញ្ញាណបណ្ណឬឯកសារពាក់ព័ន្ធនានា ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋដើម្បីបានប្រើប្រាស់តាមតម្រូវការជាក់ស្ដែងជាពិសេសការបំពេញឯកសារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធដែលកំពុងតែចាប់ផ្ដើម។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។