អភិបាលស្រុកប្រាសាទសំបូរ បានយកចិត្តទុកដាក់ និងនាំយកអំណោយមនុស្សធម៌ ទៅប្រគល់ជូនដល់គ្រួសារភ្លើងឆេះផ្ទះ និងគ្រួសារពិការភាព
(កំពង់ធំ)÷ លោក ឃីម សុខឃាង ប្រធានអនុសាខាកាកបាទក្រហម និងសហការី បានចុះសំណេះសំណាល និងសួសុខទុក្ខ នាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទសំបូរ ទៅចែកជូនដល់គ្រួសារងាយរងគ្រោះដោយភ្លើងឆេះផ្ទះ និងគ្រួសារពិការភាព ដើម្បីឱ្យពួកគាត់មានជីវភាពល្អប្រសើរឡើង ស្ថិតនៅភូមិវាលវែង ឃុំឈូក និងភូមិបាក់ស្រី ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៥។
លោក ឃីម សុខឃាង បានលើកឡើងថាដោយមានការយកចិត្តទុកដាក់ពីសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ឯកឧត្តមតែងតែយកចិត្តទុកដាក់ដល់គ្រួសារដែលងាយរងគ្រោះ ដើម្បីឱ្យគាត់ទទួលបាននូវគ្រឿងឧបភោគបរិភោគ ក្នុងការដោះស្រាយជីវភាពបានមួយកំរិត។ ជាក់ស្ដែងដោយសារបាតុភូតធម្មជាតិកើតឡើងជាបន្តបន្ទាប់ បានធ្វើឱ្យរាំងស្ទះក្នុងការបង្កបង្កើនផលប្រជាពលរដ្ឋមួយចំនួន ពិសេសគឺបញ្ហាភ្លើងឆេះផ្ទះ ខ្យល់កន្ត្រាក់ ទឹកជំនន់ គ្រោះរាំងស្ងួត ដែលកើតឡើងជាយថាហេតុ តាមពាក្យស្លោក(ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយដល់មូលដ្ឋាន)។
លោកអភិបាលស្រុកប្រាសាទសំបូរ បានបញ្ជាក់ថាគ្រួសារដែលជួបបញ្ហាភ្លើងឆេះផ្ទះមានឈ្មោះ តុ វ៉ាន់តេង ភេទប្រុស អាយុ២៥ឆ្នាំ មានកូន០២នាក់ ជាបុរសពោះមាយ មានទីលំនៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ គ្រួសារពិកាជើងមានឈ្មោះ ហ៊ី គឹមនីន
និងប្រពន្ធឈ្មោះ ជឹម លាង មានកូន០២នាក់ ទីលំនៅភូមិបាក់ស្រី ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
សូមបញ្ជាក់ផងដែរថា គ្រួសារងាយរងគ្រោះ២គ្រួសារបានទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទសំបូរ ក្នុង១គ្រួសារទទួលបាននូវ÷ អង្ករ៥០គីឡូក្រាម មីម៉ាម៉ា០១កេសតូច ទឹកត្រី០១យួរ ទឹកសុីអុីវ០១យួរ ត្រីខ០១យួរ និងថវិកាមួយចំនួនទៀតផងដែរ។ អត្ថបទអនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទសំបូរ-ពិនិត្យដោយអ៊ុមញឹប។