គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត តំបន់កំពង់ធំ រៀបចំការប្រកួតពានរង្វាន់បាល់ទាត់រដូវកាលទី៤ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាព និងសាមគ្គីភាព”
កំពង់ធំ៖ នៅថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត តំបន់កំពង់ធំ បានរៀបចំការប្រកួតពានរង្វាន់បាល់ទាត់រដូវកាលទី៤ ក្រោមប្រធានបទ «កីឡាដើម្បីសុខភាព និងសាមគ្គីភាព» ដោយមានការចូលរួមពីកីឡាករ បុគ្គលិកប្រមាណ ២០០នាក់ មកពីសាខាចំនួន ៩ រួមមាន សាខាតាំងគោក សាខាបារាយណ៍ សាខាកំពង់ថ្ម សាខាតាំងក្រសាំង សាខាស្ទោង សាខាសណ្ដាន់ សាខារវៀង សាខាខេត្តព្រះវិហារ និងសាខាកំពង់ធំ។
ក្នុងឱកាសបើកការប្រកួត លោក ប៉េង ពន្លឺ នាយកតំបន់កំពង់ធំ បានគូសបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត តែងតែយកចិត្តទុកដាក់លើការលើកកម្ពស់វិស័យកីឡា ជាពិសេសកីឡាបាល់ទាត់ ដែលជាសកម្មភាពរួមចំណែកដល់ការកសាងសុខភាព និងភាពរឹងមាំរបស់បុគ្គលិក។ ជាក់ស្ដែង ការប្រកួតពានរង្វាន់បាល់ទាត់នេះ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០២៦នេះ គឺជារដូវកាលទី៤ហើយ។
លោកនាយកបានបន្ថែមថា ការរៀបចំកម្មវិធីនេះមានគោលបំណងលើកកម្ពស់សុខភាពបុគ្គលិក ពង្រឹងសាមគ្គីភាព និងរឹតចំណងមិត្តភាពរវាងបុគ្គលិកទាំងអស់ក្នុងតំបន់ឱ្យកាន់តែជិតស្និទ្ធ បង្កើនទំនាក់ទំនងល្អ និងការសហការគ្នាក្នុងការងារ ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរ។ ទន្ទឹមនឹងនេះ កម្មវិធីកីឡាក៏ជួយលើកទឹកចិត្តឱ្យបុគ្គលិកចំណាយពេលវេលាលើសកម្មភាពដែលមានប្រយោជន៍ និងជៀសឆ្ងាយពីអបាយមុខផ្សេងៗផងដែរ។
ការប្រកួតពានរង្វាន់បាល់ទាត់រដូវកាលទី៤នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ ប្រកបដោយភាពស្និទ្ធស្នាល សាមគ្គីភាព និងមិត្តភាពល្អរវាងក្រុមកីឡាករមកពីសាខានានា ដែលបានបង្ហាញពីស្មារតីកីឡា និងការរួបរួមគ្នាជាធ្លុងមួយរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត តំបន់កំពង់ធំ។ អត្ថបទដោយអ៊ុម ញឹប។










![]()
