មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញមន្ទីរព័ត៌មានបង្កើតនិងពង្រឹងបណ្ដាញនៅតាមភូមិ ឃុំ ស្រុក ដើម្បីឆ្លើយតបការផ្ដល់ព័ត៌មានឲ្យបានឆាប់រហ័ស ពិត ត្រឹមត្រូវ និងទាន់ពេលវេលា
(កំពង់ធំ)៖ឯកឧត្តម ទេព អស្នារិ អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងព័ត៌មានជំរុញមន្ទីរព័ត៌មានបង្កើតនិងពង្រឹងបណ្ដាញនៅតាមភូមិឃុំស្រុកដើម្បីឆ្លើយតបការផ្ដល់ព័ត៌មានឲ្យបានឆាប់រហ័សពិតត្រឹមត្រូវនិងទាន់ពេលវេលា។
ឯកឧត្តម ទេព អស្នារិទ្ធ បានថ្លែងក្នុងកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាននិងសាធារណមតិ និងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២ មន្ទីរព័ត៌មានខេត្តកំពង់ធំ ថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ កំពង់ធំ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៦។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អុីវ ផល្លី អនុរដ្ឋលេខាក្រសួងព័ត៌មានទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកំពង់ធំ ប្រតិភូក្រសួង និងមន្ត្រីរាជការមន្ទីរព័ត៌មានខេត្តជាច្រើនរូបផងដែរ។
ឯកឧត្តមបានកោតសសើរដល់មន្ត្រីមន្ទីរព័ត៌មានទាំងអស់ដែលបានខិតខំប្រឹងប្រែងធ្វើព័ត៌មានបានរហ័សនិងទាន់ពេលវេលា។
ឯកឧត្តមជំរុញឲ្យមន្ទីរបង្កើតមាតិកាអប់រំផ្សព្វផ្សាយខ្លីៗឲ្យបានច្រើនដើម្បីប្រជាពលរដ្ឋនៅមូលដ្ឋានបានយល់ពិសេសមានវីដេអូនិងជាសារផ្សេងៗដូចជារឿងអសន្តិសុខទាក់ទងទៅនឹងការឆបោកតាមស្គេមអនឡាញ (Online Scams ) រឿងអសន្តិសុខក្មេងទំនើងនៅក្នុងសហគមន៍ដែលបង្កធ្វើឲ្យរូបភាពអសណ្ដាប់ធ្នាប់នៅក្នុងសង្គមផងដែរ។
ឯកឧត្តមបន្ថែមថា តាមរយៈការកែប្រែទម្រង់នៃការផលិតមាតិកាព័ត៌មានពិត អាចជ្រាបចូលទៅដល់ស្រទាប់យុវជនបានយ៉ាងងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ ដែលជាខែលការពារដ៏រឹងមាំក្នុងការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិតនៅក្នុងសហគមន៍ពិសេសយើងរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីសន្តិសុខ និងសុវត្ថិភាពព័ត៌មានសម្រាប់ទាំងអស់គ្នា។
ឯកឧត្តម ទេព អស្នារិទ្ធ បានលើកទឹកចិត្តដល់មន្ត្រីព័ត៌មានត្រូវបន្តអភិវឌ្ឍសមត្ថភាពបន្ថែមលើការងារបច្ចេកទេសដើម្បីឆ្លើយតបទៅតាមសម័យបច្ចេកវិទ្យាទំនើបនិងមានការយកចិត្តទុកដាក់ ការអាន ស្តាប់ នូវចំណេះដឹងថ្មីៗ។













![]()
