ប្រជាពលរដ្ឋនៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ទទួលបានការអភិវឌ្ឍសេវាផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់
(កំពង់ធំ)៖បច្ចុប្បន្នការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កំពុងមានការអភិវឌ្ឍជាបន្តបន្ទាប់ ដើម្បីឆ្លើយតបតម្រូវការរស់នៅប្រចាំថ្ងៃ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ប្រជាពលរដ្ឋជាច្រើនបានទទួលផលប្រយោជន៍ពីការប្រើប្រាស់ទឹកស្អាត ដែលអាចជួយកាត់បន្ថយជំងឺផ្សេងៗ និងសម្រួលដល់ជីវភាពរស់នៅបានប្រសើរឡើង។
លោក អ៊ុត វណ្ណារីន មេឃុំត្រពាំងឫស្សី បានបញ្ជាក់ប្រាប់អ្នកព័ត៌មានថ្ងៃទី៥ ខែ មិថុនាឆ្នាំ២០២៦ នេះថាអាជ្ញាធរឃុំបានសហការជាមួយមន្ទីរជំនាញ និងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ដើម្បីពង្រីកបណ្ដាញទឹកទៅដល់ភូមិផ្សេងៗក្នុងឃុំ។ ការមានទឹកស្អាតប្រើប្រាស់ គឺជាកត្តាសំខាន់សម្រាប់សុខភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន។
លោក ជា ចាន់បញ្ញាវត្តន៍ ប្រធានការិយាល័យគម្រោង នៃនាយកដ្ឋានផលិតនិងចែកចាយទឹក របស់រដ្ឋាករទឹកក្រុងស្ទឹងសែនខេត្តកំពង់ធំ មានប្រសាសន៍ថា៖ ការអភិវឌ្ឍសេវាផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃ និងលើកកម្ពស់សុខភាពសាធារណៈ។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំត្រពាំងឫស្សី បានលើកឡើងថា៖“ពីមុនពិបាករកទឹកស្អាតប្រើណាស់ ត្រូវប្រើទឹកអណ្តូងរឺស្រៈ រឺដឹកពីកន្លែងឆ្ងាយ ប៉ុន្តែឥឡូវមានប្រព័ន្ធទឹកស្អាតមកដល់ភូមិ ងាយស្រួលប្រើប្រាស់ និងជួយកាត់បន្ថយចំណាយបានច្រើន កូនចៅក៏មានសុខភាពល្អជាងមុនដែរ”។
ការអភិវឌ្ឍសេវាផ្គត់ផ្គង់ទឹកស្អាតនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរ និងភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែប្រសើ។









![]()
