អភិបាលរងខេត្តកំពង់ធំ និងកម្លាំងជំនាញចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទចាប់ពីចំណុចព្រែកទាល់ព្រំប្រទល់ខេត្តកំពង់ធំ កំពង់ឆ្នាំង និងពោធិ៍សាត់ ដល់ព្រែកតាសោមធំ ស្ថិតក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ
(កំពង់ធំ)÷ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារ បានថ្លែងដូច្នេះនៅក្នុងឱកាសដែលឯកឧត្តម និងកម្លាំងជំនាញចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទចាប់ពីចំណុចព្រែកទាល់ព្រំប្រទល់ខេត្តកំពង់ធំ កំពង់ឆ្នាំង និងពោធិ៍សាត់ ដល់ព្រែកតាសោមធំ ស្ថិតក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤។
ការចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទ ក៍មានការអញ្ជើញចូលរួមលោក ដៀប ពិសិដ្ឋ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំមន្រ្តី កម្លាំងទីបញ្ជការស្រាលប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
ឯកឧត្តម អ៊ុង វុទ្ធី និងកម្លាំងជំនាញចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទលទ្ធផលអនុវត្តបាន០៣ករណី បានចុះរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់របាំងសាច់អួនក្រឡាញឹកនៅនិងកន្លែង (ក្នុងរដូវបិទនេសាទ)÷ របាំងសាច់អួនចំនួន១២ របាំងប្រវែង៣៦០០ម៉ែត្រ ឡុកចំនួន៤១គ្រឿង លប/លូចំនួន ៤១ មាត់ បង្គោលចំនួន២៥០០ ដើម ចាក់លែងត្រីស្រស់ចម្រុះទម្ងន់៥០គីឡូក្រាម ចូលទន្លេវិញ។ កាណូតអូសលៀស ចំនួន២គ្រឿង កន្រ្តងអូសលៀសចំនួន២គ្រឿង លៀសចំណីសត្វចំនួន១០៥០គីឡូក្រាម ចាក់ចូលទន្លេវិញ។
សង្កាត់រដ្ឋបាលជលផលពាមបាង ចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលប្រចាំការនៅឃុំពាមបាង ដឹកនាំដោយ លោកវរសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងជាប្រធានក្រុមការងារ ចុះប្រតិបត្តិការត្រួតពិនិត្យបង្រ្កាបបទល្មើសជលផល នៅចំណុច: ភូមិដូនស្តើង រហូតដល់ ចំណុចបាក់ដាវ ស្ថិតក្នុងភូមិដូនស្តើងនិងភូមិពាមបាង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ លទ្ធផលអនុវត្តបាន០១ករណី បានចុះរុះរើបំផ្លាញចោលឧបករណ៍ នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹកចំនួន៤ របាំងប្រវែង១,១០០ម៉ែត្រ ឡុកចំនួន៨គ្រឿង លប/លូចំនួន១១មាត់ បង្គោលចំនួន១,២០០ ដើម ចាក់ត្រីស្រស់ចម្រុះចូលទន្លេវិញចំនួន ២០គីឡូក្រាម
សង្កាត់រដ្ឋបាលជលផលស្ទោង ចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលប្រចាំនៅស្រុកស្ទោង ដឹកនាំដោយលោក គង់ សំអាត អភិបាលរងស្រុក ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុច ក្បាលត្រពាំងតាកន ត្រពាំងកំភ្លាញ ឃុំប្រឡាយ ស្រុកស្ទោង។ លទ្ធផលអនុវត្តបាន០១ករណី បានរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន១០របាំង ប្រវែង១០០០ម៉ែត្រ របាំងសាច់អួនក្រឡាញឹកចំនួន៤របាំង ប្រវែង១២០០ម៉ែត្រ ឡុកចំនួន២៤គ្រឿង លូចំនួន៤៤ មាត់
បង្គោលចំនួន៦០០ដើម ចាក់លែងកូនត្រីទំងន់៥០គីឡូក្រាមចូលទន្លេវិញ។
សង្កាត់រដ្ឋបាលជលផលបារាយណ៍ ចូលរួមជាមួយកម្លាំងទីបញ្ជាការស្រាលប្រចាំការនៅស្រុកបារាយណ៍ ចុះទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលនៅចំណុច: តាម៉ូ ស្ថិតនៅភូមិសាស្ត្រឃុំ បារាយណ៍ ស្រុកបារាយណ៍។ លទ្ធផលអនុវត្តបាន០១ករណី នេសាទដោយប្រើឧបករណ៍ខុសច្បាប់(ឆក់ត្រី) បានបន្សល់ទុកវត្ថុតាងដូចខាងក្រោម÷ ដុំភ្លើងឆក់០៤គ្រឿង អាគុយ៤០អំពែរ០៦គ្រឿង ដងឆក់០៤គូរ
ខ្សែភ្លើងប្រវែង១២ម៉ែត្រ (ជនសង្ស័យគេចខ្លួនបាត់)។
ក្រោយទទួលបានបទបញ្ជាពីឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបង្ក្រាបបទ លោកវរសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងជាប្រធានក្រុមការងារប្រចាំការទីបញ្ជាការស្រាលឃុំពាមបាង បានអញ្ជើញលោក មីន រស់នៅភូមិរលាំទ្រុង មកធ្វើការណែនាំពន្យល់ពីការនេសាទនៅរដូវបិទនេសាទ (ពេលត្រីពងកូន) ត្រូវស្មគ្រចិត្តប្រគល់ឧបករណ៍នេសាទល្មើសច្បាប់ ឱ្យមកទីបញ្ជាការស្រាលដើម្បីរក្សាទុក បើមិនដូច្នោះទេក្រុមការងារនឹងទៅកាប់រុះរើបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់ទាំងនោះ។ ជាចុងក្រោយឈ្មោះ មីន ក៏បានយល់ព្រមនិងយកឧបករណ៍នេសាទល្មើសច្បាប់លប/លូ ចំនួន១០មាត់ មកប្រគល់ឱ្យទីបញ្ជាការស្រាលឃុំពាមបាងនៅស្នាក់ការជលផលអន្លង់តាអោន។ អត្ថបទខណ្ឌរដ្ឋបាលជលផលកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។