ឯកឧត្តមបណ្ឌិត សួង ណយ បានដាក់គោលការណ៍៦ចំណុច ដើម្បីរកដំណោះស្រាយហិរញ្ញវត្ថុក្នុងវិស័យកសិកម្ម សិប្បកម្ម សេវាកម្ម និងពាណិជ្ជកម្មនៅក្នុងស្រុកស្ទោង
(កំពង់ធំ)÷ នៅសាលប្រជុំសាលាស្រុកស្ទោង ឯកឧត្តមបណ្ឌិត សួង ណយ ប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បានដឹកនាំវេទិកា/សិក្ខាសាលាស្តីពី ដំណោះស្រាយហិរញ្ញវត្ថុក្នុងវិស័យ កសិកម្ម សិប្បកម្ម សេវាកម្ម និងពាណិជ្ជកម្ម ដោយមានសមាសភាពអញ្ជើញចូលរួមសរុបចំនួន ១០១រូប ក្នុងនោះមកពីស្ថាប័នថ្នាក់ជាតិចំនួន៣រូប មន្ទីរតាមវិស័យចំនួន៧រូប រួមមានមន្ទីរ(១. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ២.មន្ទីរឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ ៣.មន្ទីរពាណិជ្ជកម្ម ៤. មន្ទីរធនធានទឹក និងឧតុនិយម ៥.មន្ទីរអភិវឌ្ឍន៍ជនបទ ៦. មន្ទីរទេសចរណ៍) រដ្ឋបាលស្រុកស្ទោង និងការិយាល័យចំណុះរដ្ឋបាលស្រុក ចំនួន១១រូប មេឃុំចំនួន១០រូប មន្រ្តីកសិកម្មឃុំ១០រូប សហគមន៍កសិកម្ម៩ចំនួន ៣៣រូប សិប្បករចំនួន១៧ រូប ស្ថាប័នហិរញ្ញវត្ថុ (ARDB, KE, SME Bank និង Sathapana bank) ចំនួន៩រូប នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។
ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តមបណ្ឌិត សួង ណយ បានបញ្ជាក់ថាវេវេទិកា/សិក្ខាសាលា បានចែករំលែកព័ត៌មានយ៉ាងច្បាស់លាស់ និងពិភាក្សាយ៉ាងសកម្មចំនួន៦ចំណុចគឺ÷ ១.ប្រភពហិញ្ញវត្ថុពីស្ថាប័នហិរញ្ញវត្ថុខាងលើ ដែលមានការប្រាក់សមរម្យតាមវិស័យដូចជា កសិកម្ម សិប្បកម្ម ឧស្សាហកម្ម សេវាកម្ម ភស្តុភា និងពាណិជ្ជកម្ម។ ២.ការគ្រប់គ្រង ការប្រើប្រាស់ថវិកាឱ្យចំគោលដៅ។ ៣.របៀបស្នើសុំហិរញ្ញប្បទាន និងហិរញ្ញវត្ថុ តាមរយៈការណែនាំ និងពន្យល់ដោយស្ថាប័នហិរញ្ញវត្ថុ (សម្រាប់អ្នកដែលមានបំណងចង់ដាក់ពាក្យស្នើសុំ)។
៤.លក្ខខណ្ឌ ប្រភេទការប្រាក់ និងឱកាសទទួលបានកញ្ចប់ថវិកាពិសេសដូចបណ្តាស្រុកមុនៗដែរ។ ៥.មន្ទីរកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម កិច្ចការនារី អភិវឌ្ឍន៍ ជនបទ ធនធានទឹក បានឆ្លើយតប និងដោះស្រាយដោយប្រទាក់ក្រឡាគ្នា ពីការដាំដុះ បង្កបង្កើនផល បច្ចេកទេសកែច្នៃវេចខ្ចប់ ចុះបញ្ជីទីផ្សារ ទឹកស្អាត ប្រព័ន្ធស្រោចស្រព និងនូវរាល់សំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋ។ ៦.អ្វីដែលគួរឲ្យកត់សម្គាល់ក្នុងអង្គវេទិកានៅ ស្រុកស្ទោង ក្រោយពីការធ្វើបទបង្ហាញរបស់ ស្ថាប័នហិរញ្ញវត្ថុទំាងបួន សិប្បករកែច្នៃ ត្រី សាច់ ចំណីសត្វ ។ល។ ក៏ដូចជាសហគមន៍ កសិកម្មជាច្រើន មានការលើកឡើងយ៉ាង ផុលផុសអំពីបំណងចង់បានឥណទានឥត សំណងពីសហគ្រិនខ្មែរ(KHMER ENTERPRISE) ក៏ដូចជាកម្ចីមានការប្រាក់ ទាបពីធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា(SME BANK) ក្នុងគោលបំណង ពង្រីកអាជីវកម្មរបស់ខ្លួនឲ្យបានកាន់តែល្អ ប្រសើរឡើងថែមទៀត ។
មុនបិទអង្គវេទិកា/សិក្ខាសាលា ឯកឧត្តមបណ្ឌិត សួង ណយ បានស្នើឱ្យ÷ រដ្ឋបាលស្រុកស្ទោងត្រូវចាត់តាំងជនបង្គោលតាមវិស័យឲ្យបន្តការផ្សព្វផ្សាយ ដោយសហការជាមួយ មេឃុំ មេភូមិ សហគមន៍កសិកម្ម អាជីវករ ជនបង្គោល។ ស្ថាប័នហិរញ្ញវត្ថុបន្តសហការសម្របសម្រួល ណែនាំដល់ក្រុមផលិត សិប្បករ អាជីវករ សេវាករ ក្នុងការបំពេញឯកសារតាមលក្ខខណ្ឌដើម្បីទទួលបានឥណទាន និងថវិកាឥតសំណងពីស្ថាប័នហិរញ្ញវត្ថុទាំងនោះផងដែរ។ វេទិកានេះជាជំហានសំខាន់ក្នុងការបំពេញគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏ច្បាស់លាស់។ ការចូលរួមពីស្ថាប័នជាតិ និងមូលដ្ឋានបង្ហាញពីការសហការល្អរវាងភាគីពាក់ព័ន្ធ ។ អត្ថបទបណ្ឌិត សួង ណយ