អភិបាលខេត្តកំពង់ធំ បានណែនាំដល់មន្ត្រីក្នុងក្របខ័ណ្ឌរដ្ឋបាលស្រុក សូមកុំឱ្យមានពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ និងសូមចូលរួមទប់ស្កាត់ និងការពារធនធានធម្មជាតិទាំងអស់គ្នា
(កំពង់ធំ)៖ ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានណែនាំដល់មន្ត្រីក្នុងក្របខ័ណ្ឌរដ្ឋបាលស្រុក សូមកុំឱ្យមានពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ និងសូមចូលរួមទប់ស្កាត់ការពារ បទល្មើសធនធានធម្មជាតិ នៅតំបន់វាលលើ (ក្នុងដែនជម្រកសត្វព្រៃ និងព្រៃសហគមន៍) និងតំបន់វាលក្រោម (តំបន់៣) ឱមានប្រសិទ្ធភាព។
ប្រសាសន៍នេះត្រូវបានលើកឡើងនៅក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃរដ្ឋបាលស្រុកសន្ទុក នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤។
ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បានកោតសរសើរនូវការខិតខំប្រឹងប្រែងចំពោះថ្នាក់ដឹកនាំរដ្ឋបាលស្រុក និងមន្ត្រីក្រោមឱវាទទាំងអស់ដែលកសាងនូវសមិទ្ធិផលជាច្រើន ជាពិសេសពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី រវាងដីរដ្ឋ និងដីរាស្ត្រ ស្ទើរតែបញ្ចប់បានមួយរយភាគរយ។
លើសពីនេះទៀត ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តដល់មន្ត្រីរាជការនៃរដ្ឋបាលស្រុកសន្ទុក បន្តសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពង្រឹងរបៀបរបបធ្វើការងារ គោរពឋានានុក្រម វិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈ។ អត្ថបទដោយ ចន្ថា បុណ្យឫទ្ធិ-ពិនិត្យដោយអ៊ុមញឹប។