បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បូកលទ្ធផលប្រចាំខែសីហា ស្តីពីការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែសីហា និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត នៅខែកញ្ញា ឆ្នាំ២០២៤ ស្ដីពីការគ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្ត ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ គ្រប់គ្រង ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ។
លោកវរសេនីយ៍ទោ ស៊ុន សារិន នាយការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងាការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងខែសីហា ទទួលបានលទ្ធផលសំខាន់ៗមួយចំនួន ដោយរកឃើញផ្ទៃដី ដែលជនល្មេីសលួចកាប់ទន្ទ្រានក្នុងរដូវប្រាំងកន្លងទៅមានជាងចំនួន៦៤៤ ហិកតា បច្ចុប្បន្នកងកម្លាំងចម្រុះកំពុងធ្វើការគ្រប់គ្រង និងរឹបអូសបានមធ្យោបាយប្រព្រឹត្តបទល្មើសជាក់ស្ដែងមានដូចជា គោយន្តកន្ត្រៃ ចំនួន៥គ្រឿង ម៉ូតូចំនួន៧គ្រឿង រណារយន្តចំនួន១១គ្រឿង ម៉ាស៊ីនភ្លើងចំនួន១គ្រឿង ម៉ាស៊ីនតាបជ្រៀកឈើចំនួន១គ្រឿង -ល-។ បច្ចុប្បន្នជំនាញពាក់ព័ន្ធកំពុងរក្សាទុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការអនុវត្តតាមនីតិវិធីច្បាប់ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះ ដែលបានសហការគ្មាល្អក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាសន៍ខេត្តកំពង់ធំ ទទួលបានលទ្ធផលល្អប្រសើរ ។ ជាពិសេសដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តមនាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៤ និងឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដោយកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើជាស្នូលក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេលកន្លងទៅ ដោយគ្មានការកាប់ទន្ទ្រានព្រៃឈើជាថ្មី យកដីរដ្ឋធ្វើជាកម្មសិទ្ធិបានឡើយ។ ហើយកងកម្លាំងចម្រុះ ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការដាំស្ដារព្រៃឈើឡើងវិញបានចំនួនជាង២ម៉ឺនដើម ផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារៈកិច្ចសំខាន់ៗមួយចំនួន ជូនដល់យោធិនដែលចូលរួមក្នុងកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងចម្រុះ ដែលកំពុងបំពេញភារកិច្ចនៅទីបញ្ជាការស្រាលទាំង១៣ ត្រូវប្តេជ្ញាចិត្តដាច់ខាត អនុវត្តឱ្យបានមុឺងម៉ាត់ ដោយគ្មានការដកថយឡើយ ក្នុងការពារទប់ស្កាត់ឲ្យបាន មិនឲ្យមានការកាប់ទន្ទ្រានធនធានធម្មជាតិ ជាថ្មីទៀត បានជាដាច់ខាត ចំពោះផ្ទៃដី ដែលបានរកឃើញដោយការកាប់ទន្ទ្រានពីក្រុមជនល្មើសកន្លងទៅ ត្រូវគ្រប់គ្រងមិនឲ្យមានការបាត់បង់ និងស្នើទៅស្ថាប័នជំនាញ ដើម្បីស្រាវជ្រាវរកមុខសញ្ញាជនល្មើសកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់ ជាធរមាន។ អត្ថបទតំបន់សឹករងកំពង់ធំ