អាជ្ញាធរស្រុកកំពង់ស្វាយ មិនលើកលែងដាច់ខាតចំពោះជនល្មើស ឈូសឆាយដីព្រៃលិចទឹកចំណុចបឹងឈូកវ៉ា ឃុំសានគរ
(ខេត្តកំពង់ធំ)៖ លោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកកំពង់ស្វាយ បញ្ជាក់តាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នេះថា នឹងចាត់កម្លាំងស្រាវជ្រាវរកមុខសញ្ញាជនល្មើសដែលហ៊ានលួចឈួសឆាយ ដីព្រៃលិចទឹក ទោះជាស្ថិតក្នុងតំបន់៣ តំបន់២ ឬតំបន់១ក៏ដោយ ឱ្យតែមានព្រៃគឺមិនឱ្យមានការកាប់ទន្ទ្រានឈូសឆាយឡើយ។ ការបញ្ជាក់ដូចនេះបន្ទាប់ពីបានទទួលព័ត៌មាន និងចាត់អភិបាលរងស្រុកម្នាក់ចុះពិនិត្យជាក់ស្តែង ថាពិតជាមានការឈូសឆាយដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រតំបន់២ ត្រង់ចំណុចដីដួងហេង បឹងឈូកវ៉ា ស្ថិតក្នុងឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ពិតប្រាកដមែន។
លោកអភិបាលស្រុកកំពង់ស្វាយ បន្តថាតាមការសន្និដ្ឋាន និងសាកសួរអ្នកក្បែរនោះជនល្មើសអាចឆ្លៀតឳកាសលួចឈូសឆាយ ក្នុងកម្លុងពេលដែលរដ្ឋបាល អាជ្ញាធរ ជាប់រវល់រៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលទើបតែបញ្ចប់នាពេលថ្មីៗនេះ។ ទោះយ៉ាងណាលោកបានជូនដំណឹងទៅជំនាញជលផលចងក្រងសំណុំរឿងនេះ ដើម្បីស្រាវជ្រាវរកជនប្រព្រឹត្តអនុវត្តតាមនិតិវិធី ។ យោងតាមបទបញ្ជារបស់សម្តេច ក៏ដូចជាឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ហាមដាច់ខាត់មិនឱ្យមានការរំលោភ ឈូសឆាយ ដីព្រៃលិចទឹកនោះទេ។
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ធ្លាប់ឃើញមានគ្រឿងចក្រអេស្កាវ៉ាទ័រថ្មីចំនួនបីគ្រឿងបានធ្វើសកម្មភាព ឈូសព្រៃលិចទឹកក្នុងប្រឡាយប្រមាណជាង១០០ម៉ែត្រ ទទឹងជិត២០ម៉ែត្រ និងបន្តចូលទៅឈូស ព្រៃលិចទឹកនៅចំណុច បឹងឈូកវ៉ា អស់ប្រវែងប្រមាណជា១០០ម៉ែត្រ ទទឹងជាង១០ម៉ែត្របន្ថែមទៀត ។
គួររំលេចថា ការបាត់បង់ព្រៃលិចទឹកមានផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើនមកលើមនុស្ស សត្វ និងបរិស្ថាន ដូចជា៖ បាត់បង់ជីវចម្រុះ ដោយសត្វគ្មានជម្រក គ្មានចំណី បាត់បង់ព្រៃឈើគឺបាត់បង់ប្រភពឱសថ និងចំណីអាហារ ដីបាត់បង់ជីជាតិធ្វើឱ្យមានផលប៉ះពាល់ដល់ការដាំដុះ កើតឡើងវិបត្ដិសេដ្ឋកិច្ចទាំងក្នុងគ្រួសារ និងជាតិ រដូវមិនទៀង ងាយកើតឡើងគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួត។ អត្ថបទរដ្ឋបាលស្រុកកំពង់ស្វាយ-ពិនិត្យដោយអ៊ុមញឹប។