អភិបាលខេត្តកំពង់ធំ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ប្រគល់ជូនដល់គ្រួសារដែលរងគ្រោះដោយភ្លៀង និងខ្យល់កន្ត្រាក់ នៅស្រុកបារាយណ៍
(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ក្រុមការងារថ្នាក់ស្រុក ថ្នាក់ឃុំ ភូមិ បានចុះពិនិត្យមើលការខូចខាតដំបូលផ្ទះប្រជាពលរដ្ឋចំនួន៦៣ខ្នង ដែលបណ្ដាលមកពីភ្លៀង និងខ្យល់កន្ត្រាក់ ប៉ះពាល់ចំនួន០៥ភូមិ ក្នុងឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
កាលពីវេលាម៉ោង១៥ និង៣០នាទី នៅថ្ងៃទី២៥ ខែមេសាឆ្នាំ២០២៥ មានភ្លៀង និងខ្យល់កន្ត្រាក់បានវាយប្រហារទៅលើតំបន់ឃុំចុងដូង បង្កឱ្យមានការខូចខាតដំបូលផ្ទះប្រជាពលរដ្ឋចំនួន៦៣ខ្នង និងខូចខាតអស់ទាំងស្រុងចំនួន១០ខ្នង មានចំនួន០៥ភូមិគឺ ភូមិខ្សាច់ល្អិតប៉ះពាល់ផ្ទះ៤៦ខ្នង ភូមិគូប៉ះពាល់ផ្ទះ០៣ខ្នង ភូមិចុងដូងប៉ះពាល់០៥ខ្នង និងភូមិទួលសាលាប៉ះពាល់០៥ខ្នង និងភូមិសំរោងប៉ះពាល់ចំនួន០៤ខ្នងផ្ទះ ដោយពុំមានប៉ះពាល់អាយុជីវិតមនុស្ស សត្វនោះឡើយ។
ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ និងព្រួយបារម្ភអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយសម្តេចបានណែនាំឱ្យឯកឧត្តមមកជួបជាមួយបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ ដែលរងគ្រោះដោយភ្លៀង និងខ្យល់កន្ត្រាក់ ដែលទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយដល់មូលដ្ឋាន។។ ជាមួយនឹងការសោកស្តាយលើការខូចខាតដែលបណ្តាលមកពីភ្លៀង និងខ្យល់កន្ត្រាក់ ដែលបានធ្វើឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋអស់របើកដំបូល និងរលំ ឯកឧត្តមបានលើកទឹកចិត្តដល់គ្រួសារដែលរងគ្រោះដោយផ្សារភ្លៀង និងខ្យល់កន្ត្រាក់ឱ្យមានស្មារតីរឹងមាំ និងប្រកបមុខរបរបន្តទៀត ដើម្បីចិញ្ចឹមគ្រួសារឱ្យលក្ខណៈល្អប្រសើរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពេលមានភ្លៀង និងខ្យល់កន្ត្រាក់ សូមមានការប្រុងប្រយ័ត្ន និងរកទីកន្លែងណាមានសុវត្ថិភាព ដើម្បីកុំឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វ ព្រោះកត្តាធម្មជាតិបង្កឡើងទីតាំងណាកន្លែងណានោះនោះទេ។
សូមបញ្ជាក់ផងដែរថា គ្រួសារដែលរងគ្រោះដោយភ្លៀង នឹងខ្យល់កន្ត្រាក់ក្នុងមួយគ្រួសារទទួលបានរួមមាន÷ អង្ករ០១បេ មី០១កេស ត្រីខ០១យួរ ទឹកស៊ីអ៊ីវ០១យួរ ទឹកត្រី០១យួរ តង់០១ និងថវិកា៤០ម៉ឺនរៀល សម្រាប់អ្នកដែលរលំទាំងស្រុង២គ្រួសារទទួលបានថវិកា៤០ម៉ឺនរៀល អ្នកដែលប៉ះពាល់ដំបូលទទួលបាន២០ម៉ីនរៀល រលំទាំងស្រុងទទួលបានបាន៤០ម៉ឺនរៀល អ្នកប៉ះពាល់បានថវិកា១០ម៉ឺនរៀលផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។