សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចុះសួរសុខទុក្ខដល់គ្រួសារដែលរងគ្រោះដោយអគ្គីភ័យលេបត្របាក់ផ្ទះមួយខ្នងអស់ទាំងស្រុង នៅស្រុកកំពង់ស្វាយ
(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ លោក អ៊ុត វណ្ណរ៉ា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយ លោកស្រី សឿន សុកេង តំណាងអង្គការទស្សនៈពិភពលោក ប្រចាំស្រុកកំពង់ស្វាយ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួមចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ផ្តល់ជូនដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ១ខ្នងអស់ទាំងស្រុងស្ថិតនៅភូមិត្បែង(ក) ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។
តាមរបាយការណ៍របស់លោក អ៊ុត វណ្ណរ៉ា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយ បានបញ្ជាក់អំពីស្ថានភាពគ្រោះមហន្តរាយ ភ្លើងឆេះផ្ទះ១ខ្នងអស់ទាំងស្រុងនៅស្រុកកំពង់ស្វាយ សម្រាប់ថ្ងៃទី២១ ខែមេសាឆ្នាំ២០២៥ នៅវេលាម៉ោង ១.១៥នាទី រសៀល មានករណីភ្លើងឆេះផ្ទះនៅភូមិត្បែង(ក) ឃុំត្បែង ម្ចាស់ផ្ទះឈ្មោះ ចាន់ អ៊ត (ហៅចាន់ ចិត) អាយុ៦០ឆ្នាំ មានសមាជិក៦នាក់ ឆេះផ្ទះមានទំហំទទឹង៦ម៉ែត្រ បណ្ដោយ៨ម៉ែត្រ ដំបូលប្រក់ប្រូសុីម៉ុង ជញ្ជាំងក្ដារ ឆេះអស់ទាំងស្រុង និងខូចខាតរួមមានទ្រព្យសម្បត្តិមាន÷ លុយ១.៥០០.០០០រៀល មាសចំនួន៣ជី ស្រូវឆេះអស់១.៣០០គីឡូក្រាម កំព្យូទ័រ០១គ្រឿង
ឯកសារមួយចំនួន មូលហេតុឆ្លងចរន្តអគ្គីសនី។
ជាមួយគ្នានេះផងដែរលោកជំទាវ លំ គន្ធារី បានមានប្រសាសន៍ថា ការបាត់បង់នៅទ្រព្យសម្បត្តិមួយចំនួន ដោយសារអគ្គីភ័យបានលេបត្របាក់ផ្ទះមួយខ្នងអស់ទាំងស្រុង។ ដូចនេះហើយក្នុងនាមជាអ្នកដឹកនាំខេត្តកំពង់ធំ បានចូលរួមសោកស្ដាយ និងនាំយកអំណោយផ្ដល់ជូន ដើម្បីលើកទឹកចិត្តដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះនឱ្យមានស្មារតីរឹងមាំ និងប្រកបមុខរបរបន្តទៀត ដើម្បីចិញ្ចឹមគ្រួសារឱ្យលក្ខណៈល្អប្រសើរ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយដល់មូលដ្ឋាន។
លោកជំទាវអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានជំរុញលើកទឹកចិត្តបន្ថែមទៀត ដើម្បីឱ្យក្រុមគ្រួសារមានភាពរឹងមាំ អភិវឌ្ឍក្រុមគ្រួសារឱ្យមានការរីកចម្រើន លើសពីនេះសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ មុនចេញដំណើរទៅណាមកណា ត្រូវតែពន្លត់ភ្លើងចង្ក្រាន ធូប ទៀន និងបិទកុងតាក់ចរន្តអគ្គិសនី ឱ្យបានត្រឹមត្រូវ ចៀសផុតពីគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
គួរបញ្ជាក់ផងដែរថា អំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ដែលបានផ្ដល់ជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះរួមមាន÷ អង្ក២៥គីឡូក្រាម មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ ទីកស៊ីអីវ០១យួរ តង់១ កន្ទេល១ ឆ្នាំង២
ឃីត១កញ្ចប់ ថវិកា៥០ម៉ីនរៀល អំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយ អំណោយរបស់អង្គការទស្សនៈពិភពលោក និងអំណោយរបស់រដ្ឋបាលឃុំត្បែងផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។