ឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងអំណរគុណដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានបំពេញភារកិច្ច ដោយជោគជ័យ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី និងប្រគល់ភារកិច្ចសំខាន់ៗ ដែលត្រូវអនុវត្តបន្ត
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងអំណរគុណចំពោះកងកម្លាំងទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានបំពេញភារកិច្ចទទួលបានជោគជ័យ ក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ និងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្ត ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងកិច្ចប្រជុំពិសេសនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះ ក្នុងពេលដែលប្រជាពលរដ្ឋ មន្ត្រីរាជការ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់បានឈប់សម្រាកសប្បាយរីករាយ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី តែកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបំពេញភារកិច្ចជាច្រើនដែលប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានប្រគល់ជូន មានជាអាទិ៍ កិច្ចសហប្រតិបត្តិការការពារសន្តិសុខសុវត្ថិភាព តាមដងផ្លូវជាតិលេខ៦ ពីព្រំប្រទល់ខេត្តខេត្តកំពង់ចាម ដល់ព្រំប្រទល់ ខេត្តសៀមរាប ។ កិច្ចសហប្រតិបត្តិការការពារសន្តិសុខសុវត្ថិភាពនៅតាមទីប្រជុំជននានាក្នុងពិធីបុណ្យចូលឆ្នាំថ្មី ។ កិច្ចសហប្រតិបត្តិការ ការពារ មិនឱ្យមានការកាប់ទន្ទ្រាន និងការដឹកជញ្ជូនឈើខុសច្បាប់ និងកិច្ចសហប្រតិបត្តិការការពារតំបន់ឡូត៍អភិរក្សពូជត្រី មិនឱ្យកើតមានឡើងនូវបទល្មើសក្នុងពេលចូលឆ្នាំថ្មីនាពេលកន្លងទៅនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗមួយចំនួនស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយបានទទួលលទ្ធផលផ្លែផ្កាគួរជាទីមោទនៈសម្រាប់ការកសាងអភិវឌ្ឍន៍ និងបម្រើផលប្រយោជន៍របស់ប្រជាជនកម្ពុជាឲ្យមានការរីកចម្រើនរុងរឿង លើគ្រប់វិស័យបន្ថែមទៀតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដល់ ថ្នាក់ដឹកនាំ និងមេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយការិយាល័យ និងស្ថាប័នចំណុះ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ ត្រូវចាត់តាំងអនុវត្តតាមភារកិច្ចរៀងៗខ្លួន នៅក្រោយឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ដោយត្រូវបន្តចូលរួមក្នុងផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ ឱ្យទទួលបានជោគជ័យបន្ថែមទៀត។ ដោយឡែកជាមួយនេះដែរត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិ ទាំងបទល្មើសព្រៃឈើ និងបទល្មើសនេសាទខុសច្បាប់ ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។ អត្ថបទតំបន់សឹករងកំពង់ធំ..ពិនិត្យដោយអ៊ុមញឹប។