ឯកឧត្តម នួន ផារ័ត្ន អញ្ជើញកាត់ខ្សែសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធិផលអគារសិក្សា០១ខ្នង មាន០៣បន្ទប់ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក
(កំពង់ធំ)÷ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ លោក ហ្សង់ ហ្វីលីព (Jean Philippe BRUN) ប្រធានអង្គការសហគមន៍បឹងទន្លេសាប នៃប្រទេសបារាំង ប្រធានមន្ទីរ អង្គភាព កងកម្លាំងទាំង៣ លោកអភិបាលស្រុក លោក មេឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងកាត់ខ្សែបូឆ្លងសមិទ្ធិផល អគារសិក្សា០១ខ្នង០៣បន្ទប់ ស្ថិតក្នុងសាលាបឋមសិក្សាគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។
ឯកឧត្តម នួន ផារ័ត្ន បានថ្លែងថា គ្រួសារមួយដែលខ្លាំង សហគមន៍មួយដែលខ្លាំង ប្រទេសជាតិមួយដែលខ្លាំង គឺអាស្រ័យ ដោយសារគ្រួសារនោះ សហគមន៍នោះ ឬប្រទេសនោះមានធនធានមនុស្សដែលខ្លាំង មានសមត្ថភាពប្រកបដោយសីលធម៌ និងគុណធម៌ ។ ការកសាងបាននូវធនធានមនុស្សដែលខ្លាំងគឺ អាស្រ័យលើកត្តាធំៗ៥កត្តា÷ ១.គឺកត្តាសិស្សខ្លួនឯង គ្មានចំណេះដឹងណាដែលកើតឡើងដោយឯកឯង ដោយ មិនមានការខិតខំប្រឹងប្រែងនោះទេ ។ មានតែការប្រឹងប្រែងសិក្សារៀនសូត្រជាប្រចាំប្រកបដោយ វិន័យ និងការតាំងចិត្តខ្ពស់ទើបអាចទទួលបានជោគជ័យក្នុងជីវិត។ ២. គឺកត្តាគ្រូបង្រៀន បើមិនមានលោកគ្រូអ្នកគ្រូដែល ប្រកបដោយសមត្ថភាព ឆន្ទៈ និងមសិការវិជ្ជាជីវៈច្បាស់លាស់ ជាអ្នកតម្រែតម្រង់ ណែនាំ បង្ហាត់បង្រៀនទាំងចំណេះដឹង ចំណេះធ្វើ សីលធម៌ គុណធម៌ដោយយកចិត្តទុកដាក់នៅសាលារៀន។ ៣.គឺកត្តាសាលារៀន មានការតាំងចិត្តរៀនសូត្រខ្លួនឯងហើយ មានលោកគ្រូអ្នក គ្រូគ្រប់គ្រាន់ហើយ តែបើគ្មានសាលារៀនត្រឹមត្រូវ គ្មានកម្មវិធីសិក្សាច្បាស់លាស់ ក៏ធ្វើឲ្យដំណើរ នៃការអភិវឌ្ឍវិស័យអប់រំមានការលំបាក និងយឺតយ៉ាវផងដែរ។ ៤.កត្តាដែលមិនអាចខ្វះបាន នោះគឺការចូលរួមរបស់មាតាបិតាអាណាព្យាបាលដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការតាមដាន ត្រួតពិនិត្យ និងជំរុញការសិក្សាអប់រំរបស់កុមារា កុមារីនៅផ្ទះ។(ការបញ្ជូនកូនមកសាលារៀន ប្រៀបដូចជាការសន្សំលុយទុកឱ្យកូននៅពេលធំពេញវ័យ ចំណែក្នុងការតាមដាន និងជំរុញការ សិក្សារបស់កូននៅផ្ទះប្រៀបដូចជាការតាមដានប្រាក់សន្សំរបស់ខ្លួនដើម្បីធានាថាប្រាក់សន្សំនេះ មិនបាត់បង់ ឬខុសខូតដោយប្រការណាមួយ)។ ៥.គឺកត្តាចូលរួមពីសហគមន៍ អាជ្ញាធរមូលដ្ឋាន និងសប្បុរសជន កាន់តែឆាប់រហ័ស ។ ដែលកត្តាជាកម្លាំងជំរុញឲ្យការអភិវឌ្ឍធនធានមនុស្សកាន់តែរីកលូតលាស់។
លោក ហ្សង់ ហ្វីលីព ប្រធានអង្គការសហគមន៍បឹងទន្លេសាប នៃប្រទេសបារាំង បានមានប្រសាសន៍ថាអស់រយៈពេលជាង១២ឆ្នាំមកហើយ ដែលអង្គការសហគមន៍បឹងទន្លេសាប ដំណើរការការងាររបស់ខ្លួនក្នុងការប្រមូលផ្តុំគ្នា ក្នុងគោលបំណងក្រុមធំមួយ គឺជួយប្រជាជនក្នុងតំបន់ជនបទនៃប្រទេសកម្ពុជា ក្នុងការសាងសង់ ឬ កែជុសជុលសាលារៀន។បានជ្រើសរើសប្រសិទ្ធនាមអង្គកាថា «អង្គការសហគមន៍បឹងទន្លេសាប» ជាការគោរពដឹងគុណដល់បឹងទន្លេសាបដ៏ធំជាងគេមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ សម្រាប់ពួកយើង បឹងទន្លេសាបនេះ គឺជានិម្មិត្តរូបនៃប្រទេសដ៏ស្រស់ត្រកាលរបស់អ្នក។ បឹងទន្លេសាបនេះហើយ បានផ្តល់នូវធនធានមច្ឆាជាតិ ផ្តល់នូវធនធានទឹកដែលអាចស្រោចស្រពស្រែចំការរបស់អ្នក។ ហើយក៏ជាបឹងដែលតំណាងអោយភោគទ្រព្យយ៉ាងពិតប្រាកដសម្រាប់ ប្រជាជននិងប្រទេសកម្ពុជា។ ពួកយើងសប្បាយចិត្តណាស់ ដែលបានជ្រើសរើសយកនិម្មិតសញ្ញានេះ ដើម្បីចូលរួមក្នុងការជួយអ្នក។
សូមបញ្ជាក់ផងដែរថា អគារសិក្សាដែលត្រូវសម្ពោធ និងកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់ មានទំហំបណ្ដោយ២៧ម៉ែត្រទទឹង០៨ម៉ែត្រ កម្ពស់០៣ម៉ែត្រ មាន០៣បន្ទប់ ដំបូលប្រក់ក្បឿង ចំណាយទឹកប្រាក់អស់៤៤.០០០ដុល្លារសហរដ្ឋអាមេរិក។ សម្រាប់កម្មវិធីសម្ពោធសាលាអ្នកចូលរួម សរុប៦៥៨ក្នុងនោះ មន្ត្រីរាជការជុំវិញស្រុក២០នាក់ លោកគ្រូអ្នកគ្រូ១៣៨នាក់ សិស្សានុសិស្ស១០០នាក់ ប្រជាពលរដ្ឋ ៤០០នាក់ សិស្សក្នុង១ទទួលបានសៀវភៅ២ក្បាល ប៊ិច២ដើម និងថវិកា៥.០០០រៀល អំណោយរបស់សាលាស្រុកប្រាសាទបល័្លង្ក លោកគ្រូអ្នកគ្រូជូនថវិកា២ម៉ីនរៀលក្នុង១នាក់ ប្រជាពលរដ្ឋជូនក្រម៉ា១ ក្នង១នាក់ អំណោយរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។