មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ភារកិច្ចជូនកងកម្លាំងប្រចាំការបង្ក្រាបទល្មើសនេសាទនៅឃុំពាមបាង ស្រុកស្ទោង
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងបំពេញភារកិច្ច ការពារធនធានធម្មជាតិ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ទោ សេង សំអុល នាយសេនាធិការរងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាមេបញ្ជាការកងកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសនេសាទនៅទិសភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានរាយការណ៍បញ្ជាក់ថា កន្លងមកនេះការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ទទួលបានលទ្ធផលល្អប្រសើរ។ ការដាក់របាំងសាច់អួន និងរបាំស្បៃមុងខុសច្បាប់ ត្រូវបានកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមសហការជាមួយកងកម្លាំងចម្រុះ បង្ក្រាបនិងបំផ្លាញចោលនូវឧបករណ៍នៃសាទខុសច្បាប់បានជាបន្តបន្ទាប់ ។ ប៉ុន្តែបទល្មើសនេសាទ នៅតែបន្តកើតឡើង ដោយក្រុមជនល្មើសមួយចំនួននៅតែបន្តលបលួច ដាក់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយបំផ្លាញធនធានមច្ឆជាតិ សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនទូទៅ រាប់លាននាក់ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានសហការល្អជាមួយកងកម្លាំងចម្រុះ ព្រមទាំងអាជ្ញាធរដែនដី ដោយបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដែលប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ បានប្រគល់ជូន ពិសេសបងប្អូនយើងមិនបានឈប់សម្រាកជួបជុំក្រុមគ្រួសារនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែលប្រមុខរាជរដ្ឋាភិបាលបានប្រគល់ជូន តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្របឹងទន្លេសាប ស្ដីពីការត្រួតពិនិត្យឡើងវិញ និងមានវិធានការបង្ក្រាបការដាក់របាំងស្បៃអួនខុសច្បាប់ និងខុសពីការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ពិសេសសកម្មភាពលួចឆក់ត្រីតាមគ្រប់រូបភាព ហើយដាច់ខាតត្រូវការពារឲ្យបានតំបន់ឡូត៍អភិរក្សពូជត្រី ដើម្បីឲ្យផលត្រីនសំបូរឡើងវិញនៅក្នុងរដូវវស្សាខាងមុខនេះក៏ដូចជានៅបណ្ដាឆ្នាំខាងមុខទៀត។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភជូនកងកម្លំាង រួមមាន អង្ករចំនួន១២៥ គីឡូក្រាម គុយទាវកញ្ចប់ចំនួន ៤ កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន១០ យួរ ភេសជ្ជៈផ្សេងៗចំនួន ១០ កេស និងប្រេងសាំងចំនួន ៥០០លីត្រ សម្រាប់បន្តបេសកកម្មបង្ក្រាបបទល្មេីសនេសាទខុសច្បាប់ ឲ្យទទួលបានជោគជ័យបន្ថែមទៀត។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។