ឯកឧត្តម ថោ ជេដ្ឋា ផ្តល់អំណោយជូនពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់២៦គ្រួសារនៅឃុំទ្រា
(កំពង់ធំ)÷ លោក ផាង ជីវ័ន្ដ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា លោកសាយ គឹមឡម អភិបាលស្រុកស្ទោង និងអាជ្ញាធរឃុំទ្រាអញ្ជើញចុះសួរសុខទុក្ខ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រាទៅជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២៦គ្រួសារ កាលពីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។
ក្នុងឱកាសនោះដែរលោក បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានក្រុមការងារដែល ឯកឧត្តមតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខសុខុមាលភាពប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងក៏ដូចជាក្នុងឃុំទ្រាទាំងមូលជាពិសេសបងប្អូនដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នៃឱកាសនេះ ថ្វីដ្បិតតែអំណោយនៅពេលនេះមានសភាពតិចតួចក្តីប៉ុន្តែបានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមប្រធានដែលតែងតែបានចុះជួបជួយសង្គ្រោះបងប្អូនបានទាន់ពេលវេលា។
ជាមួយគ្នាលោកបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងទាំងមូលសូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀងផ្គរខ្យល់កន្ត្រាក់ឱ្យបានខ្ពស់បំផុតពីព្រោះប៉ុន្មានថ្ងៃចុងក្រោយនេះនឹងមានបាតុភូតភ្លៀងជាបន្តបន្ទាប់នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។
សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ និងថវិការបស់ឯកឧត្តមរដ្ឋមន្ត្រី សរុបថវិកាចំនួន៤.៧០០.០០០រៀល ដើម្បីជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលរួមមាន៖ អង្ករ ៥០គីឡូក្រាម មី០២កេស ត្រីខ០២យួរ ទឹកត្រី០២យួរ ទឹកស៊ីអ៊ីវ០២យួរ អំបិល ០៥កញ្ចប់ ប៊ីចេង០២កញ្ចប់ ទឹកសុទ្ធ ១០យួរ តង់ ធុងទឹក និងចានដែកមួយ។ ទន្ទឹមនឹងនេះ ប្រជាជនចំនួន២៥ខ្នងផ្ទះ ក្នុងមួយផ្ទះទទួលថវិកាចំនួន១៥ម៉ឺនរៀល ចំណែកផ្ទះបងប្អូនមួយខ្នងដែលត្រូវបានខ្យល់កន្រ្តាក់ដួលរលំទាំងស្រុងទទួលបានថវិកា២០ម៉ឺនរៀល។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។