លោកជំទាវ លំ គន្ធារី បាននាំយកសម្ភារៈសិក្សា និងនំចំណី ដើម្បីចែកជូនដល់កុមារកំព្រា នៅបុរីកុមារកំព្រាខេត្តកំពង់ធំ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី និងក្រុមការងារ បានចុះសំណេះសំណាលសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌របស់រដ្ឋបាលខេត្តកំពង់ធំមាន(សម្ភារៈសិក្សា និងនំចំណី) ផ្ដល់ជូនដល់កុមារកំព្រាចំនួន៤៨នាក់ នៅបុរីកុមារខេត្តកំពង់ធំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ស្ថិតនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥។
ជាមួយគ្នានេះផងដែរលោកជំទាវ លំ គន្ធារីមានប្រសាសន៍ថា ដោយមានការលើកទឹកចិត្ត ដល់បុរីកុមារកំព្រាខេត្តកំពង់ធំ សូមអំពាវនាវពីសប្បុរសជនក្នុង និងក្រៅប្រទេស ដើម្បីឧបត្ថម្ភជាសម្ភារៈ និងថវិកា ដើម្បីគាំទ្រដល់កុមារកំព្រា ក្នុងការសិក្សារៀនសូត្រដែលជាតម្រូវការចាំបាច់បំផុត បានចូលរៀនដូចកុមារដទៃទៀតដែរ ពិសេសសូមផ្ដល់គ្រឿងឧបភោគបរិភោគដល់កុមារកំព្រាសម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។
ថ្លែងនៅក្នងកម្មវិធីនេះលោកជំទាវអភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ដោយសង្កេតឃើញពីការរស់នៅរបស់កុមារកំព្រា មានការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តកំពង់ធំ បានផ្តល់សម្ភារៈសិក្សា និងនំចំណីបន្តិចបន្តួចសម្រាប់តម្រូវការក្នុងការសិក្សារៀនសូត្រ។ ស្របពេលជាមួយគ្នានេះដែរលោកជំទាវ បានផ្ដល់សម្ភារៈសិក្សាដដល់កុមារកំព្រា ដើម្បីឱ្យពួកគាត់ និងការសិក្សាទទួលបានជោគជ័យ។ សូមក្មួយៗទាំងអស់ត្រូវតែខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ពិសេសគឺចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។
លោក ភិន រ៉ាមីន ប្រធានបុរីកុមារខេត្តកំពង់ធំ និងកុមារកំព្រាទាំង៤៨នាក់ បុគ្គលិកមេដោះ មានសេចក្តីសោមនស្សរីករាយដែលលោកជំទាវ និងក្រុមការងារ ទាំងអស់បានផ្ដល់សម្ភារៈសិក្សា និងនំចំណីដដល់កុមារកំព្រាយើងខ្ញុំនាឱកាសបុណ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ កម្មវិធីសប្បុរសធម៌នេះពិតជាបានបង្ហាញអារម្មណ៍សប្បាយរីករាយ និងផ្តលភាពកក់ក្តៅ ព្រមទាំងបានចូលរួមលើកកម្ពស់ នៃសិទ្ធក្នុងការអភិវឌ្ឍ ផ្តល់នូវសេចក្តីស្រឡាញ់ និងស្នាមញញឹមដល់កុមារ សិទ្ធរស់រានមានជីវិតរបស់កុមារ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ លើវិស័យកុមារជាពិសេសដល់កុមារកំព្រាថ្ងៃនេះ សកម្មភាពមនុស្សធម៌នេះបានស្តែងឱ្យឃើញនូវអំពើល្អ ដែលកើតចេញពីឆន្ទៈយ៉ាងពិតប្រាកដ។
គួរបញ្ជាក់ផងដែរថា នៅបុរីកុមារខេត្តមានកុមារកំព្រាសរុបចំនួន ៤៨នាក់នាក់ ស្រី២៣នាក់ និងបុគ្គលិកចំនួន០៦នាក់ ស្រី០៤នាក់ផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។