មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រួតពិនិត្យកងកម្លាំងអន្តរាគមន៍ ត្រៀមចល័តតាមបទបញ្ជាក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិ
(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីត្រួតពិនិត្យកងកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមចល័តតាមបទបញ្ជា ក្នុងការដោះស្រាយយថាហេតុផ្សេងៗ ដែលកើតមានឡើងក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស២៥៦៩ ដែលនឹងឈានចូលមកដល់ថ្ងៃទី១៤.១៥ និង១៦ ខែមេសា ឆ្នាំ២០២៥នេះ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋគ្រប់រូបក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិនេះ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រៅពីកម្លាំងការ ពារទប់ស្កាត់បទល្មើសនេសាទ បទល្មើសព្រៃឈើ កម្លាំងការពារតាមដងផ្លូវ និងកម្លាំងការពារគោលដៅក្នុងពិធីសង្រ្កាន្តឆ្នាំថ្មី ព្រមទាំងរមណីដ្ឋាននានាក្នុងខេត្តកំពង់ធំ ដោយឡែកកម្លាំងរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានត្រៀមចល័តអន្តរាគមន៍ជួយឲ្យបណ្តាគោលដៅផ្សេងៗដែលមានករណីកើតឡើងជាយថាហេតុផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចដល់កម្លាំងអន្តរាគមន៍ទាំងអស់ ត្រូវត្រៀមខ្លួន សម្ភារ និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីចល័តអន្តរាគមន៍តាមបទបញ្ជាការរបស់ឯកឧត្តមមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងបទបញ្ជាការរបស់ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឲ្យទាន់ពេលវេលានិងមានប្រសិទ្ធភាព ។
នាយទាហាន នាយទាហានរងនិងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តដាច់ខាតគោរពតាមបទបញ្ជារបស់មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីសហការឲ្យបានល្អ ក្នុងការពារឲ្យបានសន្តសុខសុវត្ថិភាព ជូនភ្ញៀវជាតិ អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ឲ្យទទួលបានជោគជ័យ ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។