ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកស្រី អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍«សង្ក្រាន្តកំពង់ធំ» ឆ្នាំ២០២៥ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ
(កំពង់ធំ)៖ នាល្ងាចថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «សង្ក្រានកំពង់ធំ» ឆ្នាំ២០២៥ នៅបរិវេណសួនស្ទឹងសែន ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ពិធីនេះ ក៏មានការអញ្ជើញការចូលរួមផងដែរពី ឯកឧត្តម ទេសរដ្ឋមន្រ្តី ថោង ខុន, ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោកជំទាវ កុយ ពិសី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា, សមាជិករដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ,ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ២០០០នាក់។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពង់ធំ ដែលបានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ» នេះបានយ៉ាងល្អ អធឹកអធម និងមានការតុបតែង ប្រកប ដោយសោភ័ណ្ឌភាព និងភាពទាក់ទាញ ដើម្បីផ្តល់ឱកាសដល់ បងប្អូនប្រជាពលរដ្ឋបានកំសាន្ត និងរីករាយសប្បាយក្នុងឱកាសចូលឆ្នាំថ្មីផង និងដើម្បីលើកកម្ពស់មុខមាត់របស់ខេត្តកំពង់ធំផង។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ការរៀបចំព្រឹត្តិការណ៍ «សង្ក្រានកំពង់ធំ» ឆ្នាំ២០២៥ ដោយរួមទាំងការរៀបចំសង្ក្រាន្តនៅតាមបណ្តាស្រុកនានាក្នុងមូលដ្ឋានខេត្តកំពង់ធំទាំងមូល អាចចាត់ទុកថា ជាការចាប់ផ្តើមនៃយុទ្ធនាការជំរុញវិស័យទេសចរណ៍ក្នុងខេត្តកំពង់ធំ ដោយផ្អែកលើផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ ដោយក្នុងនោះ រួមទាំងការអភិវឌ្ឍតំបន់ទេសចរណ៍ក្នុងក្រុងស្ទឹងសែន និងតំបន់ប្រសាទសំបូរព្រៃគុប និងការផលិត និងការលក់ដូរផលិតផលក្នុងស្រុក ព្រមទាំងម្ហូបអាហារដែលមានឱជារសឆ្ងាញ់ សំដៅការទាក់ទាញភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋាន ដែលឆ្លងកាត់ខេត្តកំពង់ធំ «កុំឱ្យទៅហួស មកហួស» តទៅទៀត។
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថាព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះ ប្រព្រឹត្តទៅក្នុងបរិការណ៍ដែលកម្ពុជា បាននិងកំពុងទទួលផលពីសុខសន្តិភាព ឯកភាពទឹកដី ឯកភាពជាតិ និងស្ថិរភាពនយោបាយ ព្រមទាំងវិបុលភាព វឌ្ឍនភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលកើតចេញពីនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន និងការលះបង់គ្រប់បែបយ៉ាងរបស់ សម្តេចតេជោ ក្នុងបុព្វហេតុសង្គ្រោះ ការពារ កសាង និងអភិវឌ្ឍកម្ពុជា និងបានប្រព្រឹត្តទៅក្នុងបេសកកម្មដ៏វិសិដ្ឋរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលបាននិងកំពុងបន្តនិរន្តរភាព ចលនការ និងវឌ្ឍនភាព ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយ ពុះពារគ្រប់ឧបសគ្គ បម្រើប្រជាជន ពន្លឿនកិច្ចអភិវឌ្ឍ និងជំរុញការអនុវត្តកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ឆ្ពោះទៅរកអនាគតមួយដ៏រុងរឿង ស្របតាមឆន្ទៈនិងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន ក្រោមការដឹកនាំដោយថាមភាព និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបានអំពាវនាវសូមប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ចូលរួមថែរក្សាសន្តិភាព ដែលបាននាំមកដោយសារនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីប្រទេសកម្ពុជាបានទទួលរងការបែកបាក់ សង្គ្រាម និងការឈឺចាប់អស់រយៈពេលជាង៥០០ឆ្នាំ ក្នុងប្រវត្តិសាស្រ្តចុងក្រោយរបស់ខ្លួន និងសូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី។
ឯកឧត្តម វង្សី វិស្សុត បានពាំនាំនូវបណ្ដាំផ្ញើសួរសុខទុក្ខ ដោយសេចក្តីនឹករឭកពីសំណាក់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ បណ្ឌិត ជូនចំពោះលោកយាយ លោកតា អ៊ំ ពូ មីង បងប្អូន ក្មួយៗយុវជន ទាំងអស់ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកចូលរួមក្នុងពិធីសង្ក្រាន្តឆ្នាំនេះ និងបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូន សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទី មិនថាយប់ឬថ្ងៃ និយាយជារួម និងនិយាយឡែកសម្រាប់ខេត្តកំពង់ធំតាមរយៈវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី ក្នុងខេត្តកំពង់ធំនាពេលកន្លងមកក៏ដូចជាក្នុងពេលថ្មីៗនេះ។