ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រគេនទេយ្យទានដល់ព្រះសង្ឃ និងការសម្ដែងរបាំត្រុដិ ប្រោះព្រំសុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥
លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ និងលោកស្រី ព្រមទាំងមន្ត្រីរាជការទាំងអស់ បានអញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត ប្រគេនទេយ្យទាន និងសម្ដែងរបាំត្រុដិ ដើម្បីសុំសេចក្តីសុខសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនិងចូលមកដល់នៅថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។
លោក អ៊ុត វណ្ណរ៉ា បានលើកឡើងថា ពិធីបុណ្យចូលឆ្នាំជាបុណ្យដ៍ធំនៃប្រពៃណីជាតិខ្មែរ នៃការឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី និងបួងសួងសូមឱ្យទេវតាឆ្នាំថ្មីប្រោះព្រំ ជូនដល់ថ្នាក់ដឹកនាំព្រះរាជាណាចក្រកម្ពុជាដឹកនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ពិសេសសូមទេវតាឆ្នាំថ្មីជួយដល់លោកអភិបាលស្រុកកំពុងស្វាយ និងលោកស្រី ប្រជានុរាស្ត្រខ្មែរ ឱ្យជួបតែសេចក្តីសុខចម្រើនតរៀងទៅ និងសូមចៀសឱ្យផុតគ្រោះចង្រៃផ្សេងៗដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះរន្ទះផ្គរ ចាប់ពីពេលនេះតទៅ កុំកើតមានឡើងមកលើប្រជារាស្ត្រខ្មែរចាប់ពីពេលនេះតទៅ។
លោកអភិបាលស្រុកកំពង់ស្វាយ បានផ្ដល់ប្រសាសន៍ល្អៗដល់មន្ត្រី ត្រូវតែជាមន្ត្រីដែលមានសមត្ថភាព មានសក្ដានុពល ទើបធ្វើឱ្យរដ្ឋបាលស្រុកកំពង់ស្វាយ ធ្វើសកម្មភាពផ្សេងៗបានល្អជូនប្រជាពលរដ្ឋ។ ដូចនេះយើងទាំងអស់គ្នាជាថ្នាក់ដឹកនាំ ត្រូវរួមគ្នាក្នុងការកាត់បន្ថយពាក្យថាមន្ត្រីនៅមានកម្រិតនេះឱ្យក្លាយជាមន្ត្រីដែលមានសក្ដានុពលឱ្យាកាន់តែច្រើនឡើង ដើម្បីរួមគ្នាក្នុងការបំពេញភារកិច្ចឱ្យកាន់តែប្រសើរឡើង។
លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានបញ្ជាក់ថា៖ ការសូត្រមន្តលើករាសីឆ្នាំថ្មី គឺជាទំនាមទំលាប់របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក្នុងនោះរដ្ឋបាលស្រុកកំពង់ស្វាយ តែងតែរៀបចំពិធីសូត្រមន្ត និងសម្ដែងរបាំត្រុដិលើករាសីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាជារៀងរាល់ឆ្នាំផងដែរ។ អត្ថបទលោក ធូ កែវមុន្នីរ-ពិនិត្យដោយអ៊ុមញឹប។